គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលជាស្ពានឆ្លងទន្លេមេគង្គតភ្ជាប់ពីផ្សាររាត្រីទៅក្រុងអរិយក្សត្រ បានឈានដល់ដំណាក់កាលត្រៀមរៀបចំកិច្ចលទ្ធកម្មជ្រើសរើសក្រុមហ៊ុនម៉ៅការសាងសង់ និងគ្រោងបើកការដ្ឋានសាងសង់នៅអំឡុងពេលឆមាសទី១ ឆ្នាំ២០២៦ ខាងមុខនេះ។
ការបង្ហើបឱ្យដឹងដូច្នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំពិនិត្យលើលទ្ធភាពបម្រុងទីតាំងសម្រាប់ដំឡើងប្រព័ន្ធបំពង់មេនាំទឹកស្អាតតាមបណ្តោយស្ពាន ក្នុងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលដឹកនាំដោយឯកឧត្តម ស៊ឹង សុគង់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយករងគម្រោង នៅថ្ងៃទី១៨ ខែកញ្ញា។
គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គទៅក្រុងអរិយក្សត្រ ត្រូវបានសិក្សាជាច្រើនឆ្នាំ។ ប៉ុន្តែត្រូវបានមន្រ្តីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូនបង្ហើបឱ្យពីផែនការគ្រោងបើកការដ្ឋានសាងសង់នៅអំឡុងពេលឆមាសទី១ ឆ្នាំ២០២៦ខាងមុខនេះ តាមរយៈកិច្ចប្រជុំកាលពីម្សិលមិញ (ថ្ងៃទី១៨កញ្ញា) ដោយមានការចូលរួមពីសំណាក់សមាជិកអង្គភាពគ្រប់គ្រងគម្រោង (PMU) មន្ត្រីជំនាញនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Yooshin Joint Venture (YSJV)។
កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីពិនិត្យនិងពិភាក្សាលើលទ្ធផលនៃការធ្វើពិសោធន៍ Wind Tunnel របស់ទីប្រឹក្សាបច្ចេកទេស ឆ្លើយតបទៅនឹងការស្នើសុំបញ្ចូលទីតាំងបម្រុងដាក់ប្រព័ន្ធបំពង់មេនាំទឹកស្អាតតាមបណ្តោយស្ពានរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រាប់បម្រុងទុកដើម្បីផ្គត់ផ្គង់ទឹកស្អាត ពីតំបន់អរិយក្សត្រ មករាជធានីភ្នំពេញ។
សូមជម្រាបថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ទទួលបានហិរញ្ញប្បទានពីធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ។ ស្ពាននេះសាងសង់ឡើង ជាប្រភេទស្ពានខ្សែកាបមានចំនួន ២ស្ពាន ដែលសាងសង់ឆ្លងទន្លេសាបប្រវែង ១,០៧០ម៉ែត្រ និងឆ្លងទន្លេមេគង្គប្រវែង១,២៦២ ម៉ែត្រ ជាមួយទទឹងនៃស្ពានប្រវែង ២៦,៥ ម៉ែត្រ។ ក្រៅពីស្ពាន ក៏មានការសាងសង់ផ្លូវតភ្ជាប់ប្រវែង ១១៧៤.៩ ម៉ែត្រ ដែលគ្រោងចាយថវិកាសាងសង់សរុបប្រមាណ ២៤០លាន ដុល្លារអាមេរិក៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត










