Skip to main content
Preah Sihanouk Provincial Television
Log in

«វិថីតេជោសន្តិភាពឆ្នេរអង្កោល»កំពុងដើរតួនាទីជាខ្សែផ្លូវលើកសម្រស់ទេសចរណ៍ខេត្តកែប

Historical original · translation unavailable

វិថីតេជោសន្តិភាពឆ្នេរអង្កោល បាននិងកំពុងដើរតួនាទីជាខ្សែផ្លូវលើកសម្រស់ទេសចរណ៍ខេត្តកែបឱ្យកាន់តែស្រស់ស្អាត និងមានរបៀបរៀបរយ តាមរយៈការបង្កើតឱ្យមានចំណតរថយន្ត ផ្លូវជិះកង់ និងផ្លូវថ្មើរជើងសម្រាប់ការដើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិនានា។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។

វិថីនេះ ក៏ជាខ្សែផ្លូវតភ្ជាប់ពីក្រុងកែបទៅកាន់តំបន់សហគមន៍ទេសចរណ៍ និងនេសាទនៅក្នុងឃុំអង្កោល និងលាតសន្ធឹងឆ្លងកាត់តំបន់កសិកម្ម តំបន់ស្រែអំបិល តំបន់ព្រៃកោងកាង និងតភ្ជាប់ជាមួយផ្លូវខេត្តលេខ១៣៣២ ក្នុងទិសដៅទៅមករវាងស្រុកដំណាក់ចង្អើរ និងច្រកលក ខេត្តកំពត(ព្រំដែនកម្ពុជា-វៀតណាម) រួមទាំងតភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធខ្សែផ្លូវមួយចំនួននៅក្នុងភូមិសាស្រ្តខេត្តកែប ដើម្បីភ្ជាប់ទៅកាន់តំបន់ទីប្រជុំជន តំបន់ភូមិឋាន និងតំបន់ផ្សេងៗទៀតនៅក្នុងខេត្តកែប។

វិថីតេជោសន្តិភាពឆ្នេរអង្កោល មានប្រវែងសរុប ១២,៦៤៥ម៉ែត្រ ស្ថិតនៅភូមិកែប និងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប គឺជាអនុគម្រោងនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្នក្នុងមហាអនុតំបន់មេគង្គ ជំហានទី២ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៤ខែ ចាប់ផ្តើមក្នុងខែមករា ឆ្នាំ២០២២ និងបញ្ចប់ក្នុងខែមករា ឆ្នាំ២០២៤ ហើយត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់កាលពីថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០២៤។

ការសាងសង់ផ្លូវនេះ ត្រូវបានចំណាយថវិកាសរុប ១០លានដុល្លារអាម៉េរិក ជាកម្ចីឥណទានសម្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាល សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។ វិថីនេះ ក្រាលដោយបេតុងកៅស៊ូប្រភេទAC ក្នុងកម្រាស់១០សង់ទីម៉ែត្រ មានទទឹង ៥,៥ម៉ែត្រ សម្រាប់ផ្លូវឯកទិស និងទទឹង ១០ម៉ែត្រ សម្រាប់ផ្លូវដែលមាន២គន្លង (១គន្លងទៅ ១គន្លងមក) និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗនានា។ រួមមាន៖ ការសាងសង់រង្វង់មូលមួយកន្លែង ស្ថិតនៅទីតាំងឆ្នេរអង្កោល សាងសង់ផ្លូវជិះកង់ និងផ្លូវសម្រាប់ថ្មើរជើង, សាងសង់លូមូលប្រភេទបេតុងសម្រាប់រំដោះទឹកភ្លៀងកាត់ទទឹងផ្លូវចំនួន២៨កន្លែង។ លូប្រអប់ប្រភេទបេតុងសម្រាប់រំដោះទឹកភ្លៀងកាត់ទទឹងផ្លូវចំនួន ១២កន្លែង, និងលូអ៊ុយប្រភេទបេតុងចំនួនមួយខ្សែ ប្រវែង ១,១៨២ម៉ែត្រ រួមជាមួយនឹងការបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ និងបង្គោលភ្លើងសូឡាបំភ្លឺផ្លូវចំនួន ១៦៤ដើម៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…