(ខេត្តព្រះវិហារ)៖ ផ្សារផលិតផលខ្មែរ ខេត្តព្រះវិហារ ដែលមានទីតាំងស្ថិតនៅភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ (ជាប់ផ្លូវភ្លោះ ខាងលិចវិមានឯករាជ្យខេត្តព្រះវិហារ) កំពុងបន្តដំណើរការលក់ផលិតផលកសិកម្ម និងផលិតផលក្នុងស្រុក ដែលបានដាំដុះ និងកែច្នៃដោយកសិករខ្មែរ។
ផលិតផលដែលមានលក់ រួមមាន មាន់ខ្មែរ (មាន់ស្រែ) បន្លែសុវត្ថិភាព អង្ករ ពងមាន់ ពងទា ផ្លែឈើ អាហារកែច្នៃ និងផលិតផលប្រើប្រាស់ជាទូទៅ។ ការលក់ត្រូវបានរៀបចំជារៀងរាល់ថ្ងៃសុក្រ និងសៅរ៍ ចាប់ពីម៉ោង ០៦:០០ ព្រឹក ដល់ ០៦:០០ ល្ងាច។
ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលរបស់រដ្ឋបាលខេត្ត និងមន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ ផ្សារនេះត្រូវបានបើកដំណើរការតាំងពីឆ្នាំ២០១៩ ដោយសហការជាមួយគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម។
គោលបំណងនៃការបង្កើតផ្សារនេះ គឺដើម្បីផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករ និងអាជីវករខ្នាតតូច ជួយភ្ជាប់ទំនាក់ទំនងទីផ្សារដល់ក្រុមផលិត ក៏ដូចជាជំរុញឱ្យពួកគេរកប្រាក់ចំណូល បង្កើនជីវភាព និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងតំបន់។
ការចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរ មិនត្រឹមតែជួយលើកកម្ពស់ជីវភាពកសិករនោះទេ ប៉ុន្តែថែមទាំងជាផ្នែកសំខាន់ក្នុងការបង្កើនផលិតភាពក្នុងស្រុក បង្កើនប្រាក់ចំណូល និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។
ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ













