សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត តាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៦ នៅក្រុងកូឡាឡាំពួ។
ក្នុងឱកាសនេះ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះប្រទេសម៉ាឡេស៊ី ដែលបានដឹកនាំរៀបចំមហាសន្និបាតអាយប៉ា លើកទី៤៦ ដោយជោគជ័យ និងបានសម្របសម្រួលយ៉ាងសកម្មក្នុងការដោះស្រាយជម្លោះព្រំដែន កម្ពុជាថៃ តាមវិធានសន្តិវិធី។ សម្តេចបានគូសបញ្ជាក់ថា សន្តិភាពមិនត្រឹមតែសម្រាប់ប្រជាជនកម្ពុជា និងថៃទេ ប៉ុន្តែសម្រាប់សហគមន៍អាស៊ានទាំងមូល។
សម្តេចបានលើកឡើងថា ទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ី កំពុងរីកចម្រើនគ្រប់វិស័យ ចាប់ពីពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ សុខាភិបាល និងបច្ចេកវិទ្យា។ សម្តេចក៏បានអបអរសាទរដល់វិនិយោគមកពីប្រទេសម៉ាឡេស៊ី ដែលចាប់ផ្តើមតាំងពីឆ្នាំ១៩៩៣ ដោយផ្អែកលើចំណងមិត្តភាព និងជំនឿជាក់របស់ប្រទេសទាំងពីរ។ ក្នុងអំឡុងពេលស្នាក់នៅកូឡាឡាំពួ សម្តេចក៏បានជួបជាមួយអ្នកវិនិយោគម៉ាឡេស៊ីមួយចំនួន ដែលបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា ជាពិសេសវិស័យឧស្សាហកម្មចំណីអាហារ។
ពីមុខងារជាប្រធានមហាសន្និបាតអាយប៉ា លើកទី៤៦ ឯកឧត្តមប្រធានរដ្ឋសភាម៉ាឡេស៊ី បានថ្លែងអំណរគុណចំពោះកម្ពុជាដែលបានចូលរួមយ៉ាងសកម្ម និងបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ី ស្មើជាចំណងបងប្អូន។ គាត់បានវាយតម្លៃខ្ពស់ចំពោះឆន្ទៈរឹងមាំរបស់កម្ពុជា ក្នុងការរក្សាសន្តិភាព និងស្វែងរកដំណោះស្រាយជម្លោះតាមវិធីសន្តិវិធី។
ឯកឧត្តមក៏បានបន្ថែមថា ពលរដ្ឋកម្ពុជាជាច្រើននៅម៉ាឡេស៊ី គឺជាពលរដ្ឋខិតខំប្រឹងប្រែង ស្មោះត្រង់ និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសម៉ាឡេស៊ីផងដែរ។
ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ








