Skip to main content
Preah Sihanouk Provincial Television
Log in

ប្រមុខការទូតកម្ពុជាគ្រោងទៅចូលរួមមហាសន្និបាតអង្គសហប្រជាជាតិលើកទី៨០នៅទីក្រុងញូវយ៉ក

Historical original · translation unavailable

រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន គ្រោងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅចូលរួមកិច្ចពិភាក្សទូទៅនៃសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការប្រជាជាតិ (UNGA) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ និងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានបញ្ជាក់ថា សម័យប្រជុំនៅឆ្នាំនេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ៖ «រួមគ្នា ដើម្បីភាពប្រសើរឡើង៖ ៨០ឆ្នាំ និងច្រើនឆ្នាំទៀត ដើម្បីសន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្ស»។ ក្នុងនោះ ឯកឧត្តមរដ្ឋមន្រ្តីការបរទេសកម្ពុជា ក៏នឹងអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិរបស់កម្ពុជា ដោយបង្ហាញពីការប្តេជ្ញាចិត្តយូរអង្វែងរបស់កម្ពុជាចំពោះសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការពហុភាគី ការលើកកម្ពស់និងការការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ សន្និសុខសៃប៊័រ និងភាពធន់នឹងអាកាសធាតុ។

ដោយឡែក ឯកឧត្តមរដ្ឋមន្រ្តី គ្រោងនឹងមានជំនួបទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ សមភាគីបរទេស និងអង្គការអន្តរជាតិ នាអំឡុងសប្តាហ៍ជាន់ខ្ពស់នេះ ដើម្បីពង្រឹងទំនាក់ទំនងការទូត ភាពជាដៃគូទ្វេភាគី និងពហុភាគី និងការរួមចំណែករបស់កមញពុជាចំពោះសន្តិភាព និងវិបុលភាពពិភពលោក។

ក្រសួងការបរទេសកម្ពុជា បញ្ជាក់បន្ថែមថា ខណៈដែលអង្គការសហប្រជាជាតិប្រារព្ធខួបលើកទី៨០ របស់ខ្លួន កម្ពុជារួមជាមួយសហគមន៍អន្តរជាតិក្នុងស្មារតីសាមគ្គីភាព បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តម៉ឺងម៉ាត់ចំពោះសន្តិភាព ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងការការពារសិទ្ធិមនុស្ស៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត


Comments

Loading comments…