ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញនៃក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យក្រុមហ៊ុន/រោងចក្រធំៗចំនួនបួនរបស់ចិន ស្វែងរកឱកាសវិនិយោគបង្កើតរោងចក្រនៅកម្ពុជា។ ការលើកទឹកចិត្តដូច្នេះ បានធ្វើឡើងក្នុងឱកាសឯកឧត្តមដឹកនាំគណៈប្រតិភូនៃក្រុមការងារជំរុញការនាំចេញទៅបំពេញទស្សនៈកិច្ចសិក្សា និងពិភាក្សាការងារជាមួយក្រុមហ៊ុន/រោងចក្រធំៗ នៅទីក្រុងវួយហ្វាង និងទីក្រុងលីនអ៊ី ខេត្តសានតុង ប្រទេសចិន រួមមាន៖ ១-រោងចក្រផលិតផលិតផលវាយនភណ្ឌSunvim Group Co.,Ltd, ២-រោងចក្រកាត់ដេរសម្លៀកបំពាក់Sinoer Menswear Co., Ltd., ៣-រោងចក្រផលិតប្រេងសណ្តែកShandong Jinsheng Grain and Oil Food Co.,Ltd និង៤-រោងចក្រផលិតប្រេងឆាShandong Yuhuang Grain and Oil Food Co.,Ltd នៅថ្ងៃទី២០-២១ ខែកញ្ញា។
ក្នុងឱកាសនោះ គណៈប្រតិភូ បានជួបពិភាក្សាការងារជាមួយតំណាងភាគីក្រុមហ៊ុន និងបានចុះទស្សនកិច្ចផ្ទាល់ពីខ្សែច្រវាក់ផលិតកម្មរបស់រោងចក្រ។ ដោយមើលឃើញពីបទពិសោធន៍ និងភាពជោគជ័យអាជីវកម្មរបស់ក្រុមហ៊ុន ឯកឧត្តមប្រធានគណៈប្រតិភូ បានលើកទឹកចិត្តឱ្យក្រុមហ៊ុន/រោងចក្រធំៗចំនួនបួនខាងលើ ស្វែងរកឱកាសវិនិយោគបង្កើតរោងចក្រនៅកម្ពុជា ដើម្បីអាចចាប់យកការអនុគ្រោះនានា ជាពិសេសក្នុងការបំពេញបន្ថែមទៅលើគុណភាពកែរឆ្នៃផលិតផលកម្ពុជាទៅកាន់ទីផ្សារពិភពលោក។
ជាការឆ្លើយតបនឹងការលើកទឹកចិត្តរបស់ឯកឧត្តម សំហេង បូរ៉ា, ក្រុមហ៊ុនSunvim Group Co.,Ltd ដែលជាក្រុមហ៊ុនផលិតផលិតផលវាយនភណ្ឌគេហដ្ឋានខ្នាតធំរបស់ប្រទេសចិន សន្យាថានឹងទៅកាន់កម្ពុជាធ្វើការសិក្សាឱ្យបានស៊ីជម្រៅម្តងទៀត អំពីច្បាប់និងបទប្បញ្ញត្តិ ការប្រើប្រាស់កម្មករ និងលក្ខខណ្ឌនានា នៃការវិនិយោគបង្កើតរោងចក្រនៅកម្ពុជា ដោយកន្លងមកក្រុមហ៊ុនធ្លាប់បានសិក្សានៅកម្ពុជារួចមកហើយ។
ចំណែក ក្រុមហ៊ុនSinoer Menswear Co., Ltd., ដែលជារោងចក្រកាត់ដេរសម្លៀកបំពាក់ដ៏ល្បីរបស់ប្រទេសចិន ក៏មានបំណងទៅសិក្សា និងស្វែងរកឱកាសវិនិយោគបង្កើតរោងចក្រនៅកម្ពុជាផងដែរ ដើម្បីអាចនាំចេញផលិតផលទៅកាន់ទីផ្សារនានា៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត














