សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានលើកឡើងថា ថៃអាចបន្តបិទច្រកព្រំដែន១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ដែរ ខណៈជំហរកម្ពុជានឹងមិនផ្លាស់ប្តូរទេ ហើយកម្ពុជាក៏មិនធ្វើថោកទៅសុំថៃបើកច្រកព្រំដែននោះដែរ។ ចំណែកការបិទព្រំដែនជាឯកតោភាគីនេះ ធ្វើឱ្យទំនិញថៃនាំចូលមិនបាន ហើយទំនិញកម្ពុជាដែលផលិតក្នុងស្រុកមានការគាំទ្រពីប្រជាជនកម្ពុជា។
ការលើកឡើងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងតាមរយៈបណ្តាញតេឡេក្រាមផ្លូវការនាថ្ងៃទី២៣ ខែកញ្ញា បន្ទាប់ពីមានការនិយាយច្រើនជុំវិញការការបើកច្រកព្រំដែនកម្ពុជា-ថៃពីសំណាក់អ្នកលេងបណ្តាញសង្គមកម្ពុជា និងគ្រប់មជ្ឈដ្ឋានពីប្រទេសថៃ។
តាមរយៈសារបង្ហោះលើបណ្តាញតេឡេក្រាមផ្លូវការរបស់សម្តេចតេជោ បានបញ្ជាក់ថា៖ «តាមពិតខ្ញុំមិនចង់និយាយអ្វីទេនៅចំពោះមុខជម្លោះកម្ពុជា-ថៃ ដែលកំពុងត្រូវបានសម្របសម្រួលក្រោមបទឈប់បាញ់ ដើម្បីធានាថាជីវិតកងទ័ព និងប្រជាជនមិនត្រូវស្លាប់ និងរបួសទ្រព្យសម្បត្តិទាំងរដ្ឋ ទាំងឯកជនក៏ដូចជា ហេដ្ឋារចនាសម្ព័ន្ធមិនត្រូវបានបំផ្លាញដោយសារសង្គ្រាមផ្ទុះឡើងវិញនោះឡើយ»។
ប៉ុន្តែអ្វីដែលសម្តេចតេជោ ចង់និយាយគឺការបើកច្រកព្រំដែនកម្ពុជា-ថៃ ដែលកន្លងមកនេះមានការនិយាយច្រើន ដែលខាងកម្ពុជាភាគច្រើនចេញពីបងប្អូនអ្នកលេងបណ្តាញសង្គម ឯសម្រាប់អ្នកនយោបាយ ឬអ្នកដឹកនាំកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល មិនមានអ្នកណាចេញមកនិយាយទេ។ ក្រឡេកមើលទៅប្រទេសថៃ មានគ្រប់មជ្ឈដ្ឋានចេញមកនិយាយយ៉ាងច្រើនដែលតាំងពីលើដល់ក្រោមនិយាយតែពីបន្តបិទ។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ចាប់តាំងពីយោធាថៃបិទព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេ គ្រាន់តែប្រាប់ទៅភាគីថៃថា (ថៃជាអ្នកបិទ ថៃគឺជាអ្នកបើកមិនបាច់ចរចាជាមួយកម្ពុជាទេ ហើយកម្ពុជានឹងបើកតាមក្រោយយ៉ាងយូរ៥ម៉ោង)។
«ជំហរកម្ពុជានេះ នឹងមិនផ្លាស់ប្តូរទេ ហើយកម្ពុជាក៏មិនធ្វើថោកទៅសុំថៃបើកច្រកព្រំដែននោះដែរ។ ថៃអាចបន្តបិទសូម្បី១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ដែរ»។ នេះបើតាមសម្តេចតេជោបញ្ជាក់បន្ថែម។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា «ខ្ញុំគួរតែអរគុណថៃ ដែលតាមរយៈការបិទព្រំដែនជាឯកតោភាគីនេះទំនិញថៃនាំចូលមិនបាន ធ្វើឱ្យទំនិញកម្ពុជាដែលផលិតក្នុងស្រុកមានការរីកចម្រើនយ៉ាងខ្លាំង។ ប្រជាជនកម្ពុជាដែលស្រឡាញ់ជាតិនាំគ្នាគាំទ្រប្រើប្រាស់ទំនិញក្នុងស្រុក ដែលនេះនឹងគាំទ្រដល់ការរីកចម្រើនខាងសេដ្ឋកិច្ចសម្រាប់រយៈពេលវែង»។
ជាង៣ខែអត់ទំនិញថៃទីផ្សារកម្ពុជាមានស្ថិរភាព មានទំនិញប្រើប្រាស់គ្រប់គ្រាន់ និងអតិផរណាទាបនិយាយដោយឡែក និងនិយាយជារួមម៉ាក្រូសេដ្ឋកិច្ចគ្រប់គ្រងបានល្អ។
សម្រាប់សំណូមពរជប៉ុនដែលវិនិយោគនៅថៃផងនៅកម្ពុជាផង ដែលត្រូវការដឹកទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ សូមជប៉ុនធ្វើទំនាក់ទំនងជាមួយភាគីថៃ ព្រោះភាគីកម្ពុជាបានផ្តល់ការយល់ព្រមរួចហើយ។
សម្តេចតេជោ ក៏បានណែនាំឱ្យបងប្អូនជនរួមជាតិ មេត្តាអត់ធ្មត់ និងទុកលទ្ធភាពឱ្យរាជរដ្ឋាភិបាលបន្តដោះស្រាយដោយសន្តិវិធី។ យើងមិនអាចយកសង្រ្គាមដើម្បីបញ្ចប់សង្គ្រាមបានទេ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត









