Skip to main content
Preah Sihanouk Provincial Television
Log in

ឯកឧត្តមអ្នកតំណាងរាស្ត្រខេត្តរតនគិរី អំពាវនាវឲ្យពលរដ្ឋរស់នៅតាមដងទន្លេមានការប្រុងប្រយ័ត្នខ្ពស់ ខណៈទឹកកំពុងហក់ឡើងខ្លាំង

Historical original · translation unavailable

ក្នុងឱកាសនៃការអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម គិត ទ្រី សមាជិកគណៈកម្មការទី១ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលរតនគិរី ស្នើដល់អាជ្ញាធរស្រុកលំផាត់ ត្រូវត្រៀមនូវវិធានការសរុប មធ្យោបាយសរុប ដើម្បីឆ្លើយតបបានទាន់ពេលវេលា ក្នុងករណីមានគ្រោះមហន្តរាយកើតឡើងធ្ងន់ធ្ងរ ប៉ះពាល់ដល់ជីវភាពរស់នៅនិងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនៃការអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះដែរ ឯកឧត្តម គិត ទ្រី ក្នុងនាម តំណាងរាស្រ្តមណ្ឌលរតនគិរី ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ ដែលកំពុងជន់ហក់ឡើងខ្លាំង និងសូមស្វែងរកទីទួលមានសុវត្ថិភាព ជាពិសេសប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងចាស់ជរា ត្រូវបង្កើនរក្សាអនាម័យឲ្យបានត្រឹមត្រូវ។ ជាងនេះទៅទៀត អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដាន ក្តាប់ព័ត៌មានអំពីសភាពការណ៍គ្រោះធម្មជាតិ ស្ថានភាពរបស់ប្រជាពលរដ្ឋ ត្រៀមមធ្យោបាយអន្តរាគមន៍បានទាន់ពេលវេលា ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់នោះ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ទឹកទន្លេស្រែពកហក់ឡើងដល់១២.៦០ លើសកម្រិតប្រកាសអាសន្ន មានការលិចលង់ផ្ទះសម្បែង ស្រែ ចម្ការ ប្រជាពលរដ្ឋមួយចំនួន ប៉ុន្តែមិនទាន់រងការខូចខាត គួរឲ្យគត់សម្គាល់នោះទេ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ ៖ ប៉ៃ សុឃីម

Comments

Loading comments…