កម្ពុជាកំពុងទទួលរងឥទ្ធិពលខ្យល់មួយចំនួនដែលបង្កឱ្យមានភ្លៀងធ្លាក់ជញ្ជាំផ្គររន្ទះលាយឡំជាមួយខ្យល់កន្រ្តាក់ជាហេតុបណ្តាលឱ្យដីជ្រាយ ងាយរលំឬបាក់មែកឈើនានាជាយថាហេតុនៅតាមទីតាំងមួយចំនួននៃរមណីយដ្ឋានអង្គរ។ ដើម្បីបង្ការហានិភ័យនានា អាជ្ញាធរជាតិអប្សរា បានអំពាវនាវឱ្យភ្ញៀវទេសចរ អ្នកបើកបរយានគ្រប់ប្រភេទ និងអ្នកដឹកភ្ញៀវទេសបង្កើនការប្រុងប្រយ័ត្នកុំចតយានគ្រប់ប្រភេទឬឈប់ជ្រកក្រោមដើមឈើ ព្រោះអាចគ្រោះថ្នាក់ដល់អាយុជីវិត។
អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងដូច្នេះ៖ «សូមអំពាវនាវដល់សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អ្នកបើកបរយានគ្រប់ប្រភេទ និងអ្នកដឹកភ្ញៀវទេសចរទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់នៅក្នុងអំឡុងពេលធ្វើដំណើរ ឬទស្សនាប្រាសាទនានានៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជាពិសេសសូមមេត្តាកុំចតយានគ្រប់ប្រភេទ ឬឈប់ជ្រកក្រោមដើមឈើ ដើម្បីបង្ការនូវហានិភ័យនានា ដែលអាចបណ្តាលឱ្យរងរបួស ឬខូចខាតទ្រព្យសម្បត្តិ ឬអាចឈានទៅដល់ប៉ះពាល់អាយុជីវិតផងដែរ»៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត









