Skip to main content
Preah Sihanouk Provincial Television
Log in

ថ្ងៃ២៦កញ្ញាជាថ្ងៃឱសានុវាទដំបូងរបស់សៀមដេញពលរដ្ឋខ្មែរឱ្យចេញពីភូមិព្រៃចាន់និងភូមិជោគជ័យ

Historical original · translation unavailable

អាជ្ញាធរសៀមបានកំណត់ថ្ងៃទី២៦ ខែកញ្ញានេះ ជាថ្ងៃដំបូងនៃការដាក់ឱសានុវាទបណ្ដេញពលរដ្ឋខ្មែរចេញពីផ្ទះសម្បែង ស្រែកចំការ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ។ ប៉ុន្តែទោះជាយ៉ាងណា ថ្ងៃកំណត់របស់ពួកឈ្លានពានបានមកដល់ក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរមិនបានចាកចេញពីដែនអធិបតេយ្យភាពរបស់ខ្មែរដាច់ខាត។ ផ្ទុយទៅវិញ មានប្រជាពលរដ្ឋជាច្រើនរយនាក់មានទាំងព្រះសង្ឃ អ្នកកាសែតបានទៅដល់ទីនោះ ហើយវត្តមានកងទ័ពរបស់យើងក៏នៅប្រចាំការនៅទីនោះផងដែរ។ អភិបាលខេត្តស្រះកែវរបស់ថៃបានកំណត់រយៈពេល១៥ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៦ កញ្ញានេះរហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឱ្យពលរដ្ឋខ្មែរចាកចេញឱ្យផុតពីតំបន់ខាងលើជាកំហិត។ បើផុតឱសានុវាទនេះ អាជ្ញាធរសៀម នឹងប្រើប្រាស់ច្បាប់អាជ្ញាសឹកចាប់ពលរដ្ឋខ្មែរទៅដាក់ទោសទណ្ឌតាមច្បាប់របស់ប្រទេសសៀម។

យ៉ាងណា កាសែត The Nation ថៃ បានចេញផ្សាយនៅថ្ងៃនេះថា ថៃគេគ្រោងធ្វើរបងព្រំដែននៃខេត្តស្រ:កែវនេះ ចម្ងាយ១០គីឡូម៉ែត្រ ដែលត្រូវចំណាយអស់ ៨លានបាត ហើយមហាក្សត្រី សុរិន្ទថន បានចេញ ៣លានបាតរួចហើយ។ តែកម្ពុជា សួថា ការសម្រេចធ្វើរបងព្រំដែនឯកតោភាគីនេះសំអាងលើច្បាប់អី ហើយយកផែនទីមួយណា។ ដោយឡែក ក្រសួងការបរទេសកម្ពុជា ធ្លាប់បានបញ្ជាក់រួចហើយថា ថៃមិនអាចយកច្បាប់ប្រទេសរបស់ខ្លួនមកអនុវត្តទោសទណ្ឌលើប្រជាពលរដ្ឋក្រៅពីដែនអធិបតេយ្យប្រទេសរបស់ខ្លួនបានឡើយ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…