ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិ ៦,៧លាននាក់ កើន២២,៩ភាគរយ ទេសចរជាតិ ២២,៥២លាននាក់ កើន២០,១ភាគរយ បើធៀបនឹងឆ្នាំ២០២៣ ខណៈចំណូលពីទេសចរអន្តរជាតិរកបាន ៣,៦៣៧លានដុល្លារអាម៉េរិក ដោយរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបប្រមាណ ៩,៤ភាគរយ ជាមួយនឹងការបង្កើនមុខរបរប្រមាណ ៥១ម៉ឺននាក់។
តួលេខនេះត្រូវបានបង្ហាញនៅក្នុងលិខិតរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញានេះ ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ «ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧កញ្ញា។
ដោយឡែក គិតត្រឹមរយៈពេល ៨ខែឆ្នាំ២០២៥នេះ ទេសចរអន្តរជាតិ មានប្រមាណជាង ៤លាននាក់ ស្របពេលដែលទេសចរជាតិ មានចំនួន ១៧,២៨លាននាក់ កើនឡើងជិត ៥៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។
ភាពរីកចម្រើននៃវិស័យទេសចរណ៍ជាបន្តបន្ទាប់ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលបានរួមចំណែកក្នុងការជំរុញម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យរួមមាន វិស័យឯកជនផងដែរឱ្យកាន់តែរស់រវើក តាមរយៈការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគដែលជាប្រភពបង្កើតការងារ ចំណូល និងចលករជំរុញសកម្មភាពសេដ្ឋកិច្ចសម្រេចបានកំណើនជាបន្តបន្ទាប់។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។
បើតាមសម្តេចធិបតីនាយករដ្ឋមន្រ្តី ជាមួយនឹងការបន្តថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមល្អប្រសើរ កម្ពុជាបន្តគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព ផ្តល់ឱកាសវិនិយោគ និងពាណិជ្ជកម្មដ៏គួរឱ្យទាក់ទាញមួយក្នុងតំបន់អាស៊ី ជាពិសេសបានធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា៖ «ខ្ញុំនៅតែមានសុទិដ្ឋិនិយមថា វិស័យទេសចរណ៍បន្តជាវិស័យអាទិភាពសេដ្ឋកិច្ចមួយដ៏សំខាន់ តាមរយៈការបង្កើតឱកាសការងារ ការបង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់ និងដោយប្រយោល ការជំរុញការនាំចេញនៅនឹងកន្លែង ការទ្រទ្រង់កំណើនសេដ្ឋកិច្ច ការបង្កើនចំណូលជាតិ ការចូលរួមដល់ការអភិរក្សវប្បធម៌ និងការថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់»៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត










