(ភ្នំពេញ)៖ អគ្គនាយកអង្គភាពស៊ីម៉ាក់កម្ពុជា ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា រណ្តៅគ្រាប់បែកទម្លាក់ពីយន្តហោះ និងគ្រាប់ផ្លោងទាំងនេះ ជារណ្តៅថ្មីៗ មិនដូចជាថៃចោទប្រកាន់ពីភាគីថៃថា ជារណ្តៅគ្រាប់ចាស់នោះទេ។
ឯកឧត្តម ហេង រតនា បានសរសេរលើបណ្តាញសង្គមហ្វេសបុកនៅយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ថា «រូបភាពរណ្តៅគ្រាប់បែកទម្លាក់ពីយន្តហោះ និងគ្រាប់ផ្លោងទាំងនេះ ជាកំណត់ត្រាជាក់ស្តែង និងជាចំណែកតូចមួយនៃមរតកក្នុងសង្គ្រាម៥ថ្ងៃ ២៤-២៨ កក្កដា ២០២៥ ដោយបានត្រួតពិនិត្យសំណាកភស្តុតាង និងកំណត់ចំណុចទីតាំងច្បាស់លាស់ព្រមទាំងមានដៃគូអន្តរជាតិមួយចំនួនចូលរួមជាមួយអ្នកជំនាញបច្ចេកទេសអង្គភាពCMACផងដែរ»។
ឯកឧត្តមបានបន្ថែមថា «មិនមែនជារណ្តៅគ្រាប់ ឬក៏គ្រាប់បែកកើតចេញពីកាឡៃនៃការទម្លាក់គ្រាប់បែកសម័យឆ្នាំ១៩៧០-១៩៧៣ ដូចការចោទប្រកាន់លាបពណ៌របស់ភាគីម្ខាងទៀតនោះទេ។ កម្ពុជាបាននិងកំពុងបង្ហាញរឿងរ៉ាវនិងទិដ្ឋភាពពិតជាក់ស្តែង ប្រកបដោយតម្លាភាព និងមិនត្រូវការក្រឡៃលាបពណ៌អ្វីនោះទេ»៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ




















