ចៅហ្វាយខេត្តតាកែវឱ្យពលរដ្ឋបន្តពហិការមិនប្រើទំនិញថៃហើយងាកមកគាំទ្រផលិតផលក្នុងស្រុក
អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរបន្តធ្វើពហិការមិនប្រើប្រាស់ទំនិញរបស់ថៃ ហើយងាកមកគាំទ្រផលិតផលក្នុងស្រុកឱ្យបានច្រើនដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិ។ ឯកឧត្តមបានគូសបញ្ជាក់ថា៖ «ក្នុងពេលបច្ចុប្បន្ននេះ បញ្ហាសង្គ្រាមឈ្លានពាន និងការបិទព្រំដែនដោយឯកតោភាគីពីយោធាសៀម គឺជាឱកាសមាស សម្រាប់ពាណិជ្ជករក្នុងស្រុកបង្កើនការផលិតទំនិញសម្រាប់ផ្គត់ផ្គង់ទីផ្សារជាតិ»។ ដោយឡែក ឯកឧត្តមក៏បានសង្កត់ធ្ងន់ដែរថា ការផលិតត្រូវតែមាន គុណភាពខ្ពស់ និងតម្លៃសមរម្យ។
ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូខេត្ត មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះបំពេញទស្សនកិច្ចសិក្សាស្វែងយល់ដោយផ្ទាល់អំពីសង្វាក់ផលិតកម្មផលិតទឹកដោះគោស្រស់នៅកសិដ្ឋាន ដែលមានទីតាំងស្ថិតនៅតំបន់ភ្នំតាម៉ៅ ក្នុងស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី២៨ ខែកញ្ញា ឯកឧត្តម វ៉ី សំណាង បានថ្លែងកោតសរសើរយ៉ាងខ្លាំងចំពោះកសិដ្ឋាន ដែលប្រើប្រាស់បច្ចេកទេសកសិកម្មទំនើបក្នុងការចិញ្ចឹមគោ និងផលិតទឹកដោះគោស្រស់។
ទន្ទឹមនឹងការអំពាវនាវខាងលើ គេក៏សង្កេតឃើញសន្ទុះរបស់ប្រជាពលរដ្ឋកម្ពុជាពិហិការមិនប្រើប្រាស់ផលិតផលថៃក៏មានការកើនឡើងដែរ ខណៈអាជីវករលក់ដូរភាគច្រើនក៏បញ្ឈប់នូវការដាក់លក់ទំនិញថៃនៅតាមស្តង់របស់ខ្លួនផងដែរ។ ចំណែក កាលពីល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់លើទំព័រហ្វេសប៊ុកថា កម្ពុជាមិនធ្វើថោកទៅសុំថៃបើកច្រកព្រំដែននោះទេ ហើយថៃអាចបន្តបិទសូម្បី១០០ឆ្នាំទៀត ក៏កម្ពុជាមិនស្លាប់ដែរ។ កម្ពុជាក៏ធ្លាប់ប្រាប់ទៅភាគីថៃដែរថា ថៃជាអ្នកបិទ ថៃគឺជាអ្នកបើកមិនបាច់ចរចាជាមួយកម្ពុជាទេ ហើយកម្ពុជានឹងបើកតាមក្រោយយ៉ាងយូរ៥ម៉ោង។ ជំហរកម្ពុជានឹងមិនផ្លាស់ប្តូរទេ។ សម្តេចប្រធានព្រឹទ្ធសភាបានអរគុណថៃដែលបិទព្រំដែនជាឯកតោភាគីដែលធ្វើឱ្យទំនិញថៃនាំចូលមិនបាន ហើយទំនិញកម្ពុជាដែលផលិតក្នុងស្រុកមានការរីកចម្រើនយ៉ាងខ្លាំង។ ប្រជាជនកម្ពុជាដែលស្រឡាញ់ជាតិនាំគ្នាគាំទ្រប្រើប្រាស់ទំនិញក្នុងស្រុក ដែលនេះនឹងគាំទ្រដល់ការរីកចម្រើនខាងសេដ្ឋកិច្ចសម្រាប់រយៈពេលវែង។ សម្តេចថា ជាង៣ខែដែលអត់ទំនិញថៃ ទីផ្សារកម្ពុជាមានស្ថិរភាព មានទំនិញប្រើប្រាស់គ្រប់គ្រាន់ និងអតិផរណាទាបនិយាយដោយឡែក និងនិយាយជារួមម៉ាក្រូសេដ្ឋកិច្ចគ្រប់គ្រងបានយ៉ាងល្អ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត















