Skip to main content
Preah Sihanouk Provincial Television
Log in

តំបន់សេដ្ឋកិច្ចពិសេសចំនួន១៣នៅខេត្តស្វាយរៀងជាក្បាលម៉ាស៊ីនស្រូបយកវិនិយោគនិងបង្កើតការងារជូនពលរដ្ឋ

Historical original · translation unavailable

បច្ចុប្បន្ននៅខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសចំនួន១៣ កំពុងដំណើរការហើយបន្តរីកចម្រើនគួរជាទីកត់សម្គាល់។ ពិសេសតំបន់សេដ្ឋកិច្ចពិសេសទាំងនោះបានដើរតួនាទីជាក្បាលម៉ាស៊ីនក្នុងការស្រូបយកវិនិយោគដ៏មានប្រសិទ្ធភាព និងបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៧ ខែកញ្ញា បានចុះពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស មួយចំនួននៅខេត្តស្វាយរៀង ក្នុងគោលបំណងក្តាប់យកព័ត៌មានវឌ្ឍនភាព និងបញ្ហាប្រឈមផ្សេងៗរបស់វិស័យឯកជន។ ក្នុងនោះ ឯកឧត្តមបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសមួយចំនួន កំពុងមមាញឹកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការសាងសង់រោងចក្រដែលនឹងចាប់ផ្តើមដំណើរការនៅពេលឆាប់ៗខាងមុខ ដោយមានតម្រូវការកម្មករនិយោជិតរាប់ពាន់កន្លែង ជូនប្រជាពលរដ្ឋ ជាពិសេសចំពោះបងប្អូនដែលទើបត្រឡប់ពីប្រទេសថៃ។ ឯកឧត្តម ក៏បានជួបសំណេះសំណាលជាមួយអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស និងវិនិយោគិន នៃសមាគមសហគ្រាសវិនិយោគនៅកម្ពុជាផងដែរ។

ដោយឡែក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសថ្មីៗមួយចំនួន ដូចជា តំបន់សេដ្ឋកិច្ចពិសេស ហ័រស៊ាង អ៊ិនធើណេសិនណល់ មានសហគ្រាសវិនិយោគខ្លះ កំពុងធ្វើការផលិតនូវផលិតផលពាក់កណ្តាលសម្រេច និងនាំចេញទៅប្រទេសចិនវិញ ដើម្បីផលិតជាផលិតផលសម្រេច ដែលនេះក៏ជាសញ្ញាណថ្មីមួយបន្ថែមទៀតសម្រាប់វិស័យឧស្សាហកម្មនៅកម្ពុជា។

បើតាមឯកឧត្តម ជា វុទ្ធី សមិទ្ធផលដែលក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសសម្រេចបាននេះ សបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ជាពិសេសឆន្ទៈខ្ពស់ និងទំនុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…