នៅក្នុងដំណើរអនុវត្តយុទ្ធនាការឆ្នាំទេសចរណ៍ចិន-កម្ពុជា ឆ្នាំ២០២៥ កម្ពុជាទទួលបានសមិទ្ធិផលច្រើន ដោយបានទាក់ទាញទេសចរ និងវិនិយោគទុនចិន មកកម្ពុជាកើនឡើងជាលំដាប់។ នេះបើយោងតាមឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានថ្លែងនៅក្នុងពិធីអបអរសាទរព្រឹត្តិការណ៍ ពពកកំដរក្បែរព្រះច័ន្ទ នៅរាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែកញ្ញា។
នាឱកាសឡើងធ្វើសន្តរកថា ឯកឧត្តម វ៉ាង វិនពីន បានលើកឡើងថា កម្ពុជា-ចិន បានកំណត់យកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន ហើយចាប់តាំងពីខែមេសារហូតមកដល់ពេលនេះ ភាគីកម្ពុជា-ចិន បានរៀបចំដោយជោគជ័យ អមដោយមានសម្តែងរបាំសិល្បៈជាច្រើនរបស់ចិននៅកម្ពុជា ខណៈកម្ពុជាក៏នាំរបាំសិល្បៈនៅកាន់ប្រទេសចិនផងដែរ។
ឯកអគ្គរដ្ឋទូតចិននៅកម្ពុជា បានបន្តថា ក្នុងដំណាក់កាលខាងមុខទៀត ភាគីចិន នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងធ្វើការជាមួយកម្ពុជា ក្នុងក្របខណ្ឌ ឆ្នាំទេសចរណ៍ចិន-កម្ពុជា ឲ្យកាន់តែរឹងម៉ាំ និងបន្តបង្កើតទម្រង់ថ្មីៗ នៃកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគី និងផ្លាស់ប្តូរវប្បធម៌ ព្រមទាំងរួមចំណែកកសាងសហគមន៍វាសនារួមរវាងចិនកម្ពុជាគ្រប់រដូវកាល។
ជាមួយគ្នានេះ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិន ក៏បានថ្លែងដែរថា តាមរយៈការរៀបចំព្រឹត្តិការណ៍ និងការបង្កើតទម្រង់ថ្មីនៃការផ្លាស់ប្តូរវប្បធម៌ ទំនាក់ទំនង កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន គឺជាសកម្មភាពដ៏ល្អមួយក្នុងការផ្សព្វផ្សាយនឹងទាក់ទាញទេសចរ អ្នកវិយោគទុនចិនមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត។
ដោយឡែក ឯកឧត្តម ប៉ាក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងព្រឹត្តិការណ៍ ពពករកំដរក្បែរព្រះច័ន្ទ នេះថាជាព្រឹត្តិការណ៍មានសារៈសំខាន់ក្នុងការជួយគាំទ្រដល់យុទ្ធនាការ ឆ្នាំទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០២៥ ហើយនឹងជួយផ្សព្វផ្សាយកាន់តែទូលំទូលាយនូវវប្បធម៌ អរិយធម៌ ប្រពៃណី ម្ហូបអាហារ និងសក្តានុពលទេសចរណ៍ដ៏សំបូរបែបរវាងប្រទេសទាំងពីរកម្ពុជា-ចិន។
សូមជម្រាបដែរថា ក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០២៥នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិអញ្ជើញមកទស្សនាមានប្រមាណជាង៤លាននាក់ ធ្លាក់ចុះ៥.៦% ប៉ុន្តែទេសចរចិនវិញ មានប្រមាណជិត៨០ម៉ឺននាក់ កើនឡើង៤៥.៧% ហើយភ្ញៀវទេសចរចិនគឺជាប្រភពនៃកំណើនទេសចរដ៏សំខាន់របស់កម្ពុជា៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ














