(ភ្នំពេញ)៖ ព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលា ស្ដីពីការពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចទេសចរណ៍ សម្រាប់ឆ្នាំ២០២៥។
សិក្ខាសាលានេះ មានគោលបំណងលើកកម្ពស់សមត្ថភាព និងកែលម្អការងារអធិការកិច្ចរបស់ក្រសួងទេសចរណ៍ ទាំងថ្នាក់កណ្តាល និងថ្នាក់រាជធានី-ខេត្ត។ ការបណ្តុះបណ្តាលបានផ្តោតលើមូលដ្ឋានគ្រឹះនៃតួនាទីភារកិច្ច ក្រមសីលធម៌វិជ្ជាជីវៈ សិទ្ធិអំណាចរបស់មន្ត្រីអធិការកិច្ច ការអនុវត្តតួនាទីក្រោយទទួលបាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ ព្រមទាំងវិធានសំខាន់ៗសម្រាប់បំពេញភារកិច្ចឱ្យមានប្រសិទ្ធភាពកាន់តែខ្ពស់។
ក្នុងឱកាសនេះ មានការចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ព្រមទាំងវាគ្មិនកិត្តិយសពីក្រសួងយុត្តិធម៌ ក្រសួងអធិការកិច្ច និងក្រសួងទេសចរណ៍។ ការបណ្តុះបណ្តាលរួមមានសិក្ខាកាមចំនួន ២០៤នាក់។
ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ បានបង្ហាញថា មន្ត្រីអធិការកិច្ចត្រូវគោរពអភិក្រមគន្លឹះ និងការបែងចែកតួនាទីច្បាស់លាស់ រវាងសវនកម្ម អធិការកិច្ចជំនាញ និងយន្តការត្រួតពិនិត្យផ្សេងៗ ដើម្បីលើកកម្ពស់គុណភាពគ្រប់គ្រង និងសេវាសាធារណៈក្នុងវិស័យទេសចរណ៍ឱ្យកាន់តែប្រសើរ។
លោកបានបន្ថែមថា ការងារអធិការកិច្ច គឺជាផ្នែកសំខាន់ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលតែងតែទទួលបានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ចាប់តាំងពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រហូតដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន។
ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលទំនើប ប្រកបដោយសមត្ថភាពខ្ពស់ និងសុចរិតភាព។
ឯកឧត្តម រដ្ឋមន្ត្រី បានសង្កត់ថា «គ្មានអ្វីអាចជំនួសការត្រួតពិនិត្យបានឡើយ» ដូច្នេះ ការពង្រឹងការងារអធិការកិច្ចគឺជាការប្ដេជ្ញាចិត្តដ៏មុតមាំ ក្នុងបរិបទនៃការកែទម្រង់ស៊ីជម្រៅ ដើម្បីធានាថារដ្ឋបាលសាធារណៈមានភាពស្អាតស្អំ ប្រកបដោយសុចរិតភាព តម្លាភាព និងភាពទទួលខុសត្រូវ។
ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ


















