Skip to main content
Preah Sihanouk Provincial Television
Log in

បទល្មើសព្រហ្មទណ្ឌនៅក្នុងខេត្តព្រះសីហនុកើតឡើង២៩២ករណីកើន២៧ករណីក្នុងពេល៩ខែ

Historical original · translation unavailable

ក្នុងរយៈពេល៩ខែឆ្នាំ២០២៥នេះ បទល្មើសព្រហ្មទណ្ឌនៅក្នុងខេត្តព្រះសីហនុ កើតឡើង២៩២ករណី កើន២៧ករណី បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មាន២៦៥ករណី ក្នុងនោះពាក់ព័ន្ធជនបរទេស៥០ករណី ស្មើនឹង១៧ភាគរយ។ លោកឧត្តមសេនីយត្រី អ៊ុំ សំអុល ស្នងការរងនគរបាលខេត្តព្រះសីហនុ បានរាយការណ៍ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តគោលនយោបាយ«ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព» ប្រចាំនព្វមាស ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី០៣ ខែតុលាថា ក្នុងបទល្មើសព្រហ្មទណ្ឌទាំង២៩២ករណីនេះ មានបទល្មើសឧក្រិដ្ឋកើតឡើង ៤៨ករណី ថយចុះ៣ករណី បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មាន៥១ករណី ជនបរទេសបង្ក២៥ករណី ស្មើនឹង៥២ភាគរយ។ បទល្មើសមជ្ឈឹម កើតឡើង២៤៤ករណី កើន៣០ករណី ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មាន២១៤ករណី ជនបរទេសបង្ក២៥ករណី ស្មើនឹង១០ភាគរយ។

ក្នុងបទល្មើសព្រហ្មទណ្ឌដែលបានកើតឡើងនារយៈពេល៩ខែនេះដែរ កម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការបង្រ្កាបបាន ២៨៣ករណី ស្មើនឹង៧៩ភាគរយ ឃាត់ខ្លួន ៥១៤នាក់ ក្នុងនោះមានជនបរទេស៩៥នាក់ មាន៧សញ្ជាតិ រួមមាន ចិន វៀតណាម ឥណ្ឌូនេស៊ី ប៉ាគីស្ថាន ចិនតៃវ៉ាន់ ថៃ និងនេប៉ាល់។ ចំណែក ២៨៣ករណីដែលបង្ក្រាបបាននេះ ក្នុងនោះបទឧក្រិដ្ឋ មាន៤១ករណី ស្មើនឹង ៨៥ភាគរយ ឃាត់ខ្លួន១០៦នាក់ ជនបរទេស៥៥នាក់។ បទមជ្ឈិម មាន២៤២ករណី ស្មើនឹង ៩៩ភាគរយ ឃាត់ខ្លួន ៤០៨នាក់ ជនបរទេស ៤០នាក់។ ដោយឡែក បង្ក្រាបតាមដីកា ៦ដីកា ចាប់ខ្លួន ៦នាក់ ក្នុងនោះបទឧក្រិដ្ឋ ១ដីកា និងបទមជ្ឈឹម ៥ដីកា។ ចំណែក វត្ថុតាងចាប់យកបានរួមមាន៖ អាវុធខ្លី ៧ដើម ម៉ូតូ ១១១គ្រឿង រថយន្ត ១៣គ្រឿង និងឧបករណ៍ពាក់ព័ន្ធបទល្មើសមួយចំនួនទៀត។ ជនសង្ស័យដែលបានឃាត់ខ្លួនទាំង ៥១៤នាក់ខាងលើ សមត្ថកិច្ចរកឃើញមានសញ្ញាណប្រើប្រាស់សារធាតុញៀន ២១នាក់ ស្មើនឹង៤ភាគរយ។ ជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។ 

ក្រៅពីនេះ កម្លាំងសមត្ថកិច្ចបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទបានចំនួន ១១ករណី ថយចុះ ៨ករណី បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មាន១៩ករណី។ ក្នុងនោះ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់ និងរំដោះជនរងគ្រោះ១១នាក់ ប្រគល់ជូនទៅអាព្យាបាលវិញ ៨នាក់ និងបញ្ជូនទៅមន្ទីរសង្គមកិច្ច ៣នាក់។ បើតាមលោកឧត្តមសេនីយត្រី អ៊ុំ សំអុល ទោះបីជាបទល្មើសព្រហ្មទណ្ឌមានការកើនឡើងបន្តិចបន្តួចក៏ដោយ ប៉ុន្តែសកម្មភាពបង្ក្រាបរបស់កងកម្លាំងនគរបាលខេត្តខេត្តព្រះសីហនុទទួលបានលទ្ធផលខ្ពស់រហូតដល់ ៩៧ភាគរយ។ ស្នងការដ្ឋាននគរបាលខេត្ត បានដាក់ចេញវិធានការបន្ថែមដើម្បីធ្វើយ៉ាងណាធានាថា សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈទូទៅនៅក្នុងខេត្តមានភាពល្អប្រសើរ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…