Skip to main content
Preah Sihanouk Provincial Television
Log in

ចៅហ្វាយខេត្តព្រះសីហនុថាបទល្មើសគ្រឿងញៀនធំៗបានបង្ក្រាបជាច្រើនករណីនៅក្នុងខេត្ត

Historical original · translation unavailable

ឯកឧត្តម ម៉ាង ស៊ីណេត អះអាងថា បទល្មើសគ្រឿងញៀនធំៗនៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ត្រូវបានបង្ក្រាបជាបន្តបន្ទាប់និងជាច្រើនករណី ដោយឯកឧត្តមបានកោតសរសើរកងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ថែមទាំងដាក់បទបញ្ជាបន្ថែមឱ្យបន្តតាមដាន និងបង្ក្រាបបទល្មើសនេះឱ្យបានបន្ថែមទៀត។ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ អះអាងដូច្នេះនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តគោលនយោបាយ«ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព» ប្រចាំនព្វមាស ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី០៣ ខែតុលា។

យ៉ាងណា បើតាមរបាយការណ៍របស់លោកឧត្តមសេនីយត្រី អ៊ុំ សំអុល ស្នងការរងនគរបាលខេត្តព្រះសីហនុ បទល្មើសគ្រឿងញៀននៅក្នុងភូមិសាស្រ្តខេត្ត ត្រូវបានកងកម្លាំងសមត្ថកិច្ចបង្ក្រាបបាន ២៣៥ករណី ឃាត់ខ្លួន ៥២៥នាក់ ក្នុងរយៈពេល៩ខែឆ្នាំ២០២៥។ ក្នុងនោះពាក់ព័ន្ធជនបរទេស៤១ករណី ឃាត់ខ្លួន ៩៧នាក់ (ស្រី១៤នាក់) មាន ៥សញ្ជាតិ ។ ជាមួយគ្នា តួលេខនេះ មានការថយចុះ៧៨ករណី បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មាន៣១៣ករណី។ ក្រៅពីការបង្ក្រាបខាងលើ កម្លាំងជំនាញចុះផ្សព្វផ្សាយច្បាប់ស្តីពីគ្រឿងញៀន ផលប៉ះពាល់ និងឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀនតាមបណ្តាគោលដៅសាលារៀន ក្លិបកម្សាន្ត រង្គសាល ខារ៉ាអូខេ គ្រឹះស្ថានបាន១,០៦២លើក។ ក្នុងនោះ មានអ្នកចូលរួម ៣៣,៤៦៦នាក់ (ស្រី ១៥,៣៦៣នាក់។ ចំណែក ការធ្វើរដ្ឋបាលចំហរតាមគោលដៅផ្សេងៗ កម្លាំងសមត្ថកិច្ច រកឃើញមានសញ្ញាណប្រើប្រាស់គ្រឿងញៀនបញ្ជូនទៅមណ្ឌលកែប្រែ និងស្តារនីតិសម្បទាចំនួន ១,៣១១នាក់ (ស្រី ៧២នាក់)៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…