កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ រកឃើញនិងឃាត់ខ្លួនជនបរទេសចំនួន២៩០នាក់ ដែលកំពុងស្នាក់នៅ និងធ្វើការដោយខុសច្បាប់នៅកម្ពុជា។ ជនបរទេសស្នាក់នៅ និងធ្វើការខុសច្បាប់ជិត៣០០នាក់នេះ ត្រូវបានរកឃើញ១ថ្ងៃក្រោយករណីផ្ទុះការតវ៉ារវាងក្រុមជនជាតិប៉ាគីស្ថាន និងបង់ក្លាដេស ប្រឆាំងនឹងជនជាតិចិនដែលប្រើពាក្យប្រមាថជាតិសាសន៍នៅកន្លែងធ្វើការក្នុងក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី៤ ឈានចូលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥។ បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បច្ចុប្បន្នសមត្ថកិច្ចកំពុងស៊ើបអង្កេតបន្ថែម ដើម្បីចាត់ការតាមនីតិវិធី។ ដោយឡែក ជនបរទេសជិត៣០០នាក់ ដែលឃាត់ខ្លួនបាននៅថ្ងៃទី០៦ ខែតុលានេះ រួមមាន៖ ជនជាតិប៉ាគីស្ថាន ២១៦នាក់, បង់ក្លាដេស ៦៨នាក់ និងនេប៉ាល់ ៦នាក់។
យ៉ាងណាជុំវិញនឹងករណីផ្ទុះការតវ៉ានេះ លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់ទូរទស្សន៍ KPS99 TV នៅថ្ងៃទី០៦ ខែតុលាថា ជាករណីប៉ះទង្គិចពាក្យសម្តីគ្នា ទាក់ទងនឹងជំនឿសាសនារវាងបុគ្គលិកជនជាតិប៉ាគីស្ថាន និងបុគ្គលិកជនជាតិចិន មិនមែនជាជម្លោះពាក់ព័ន្ធនឹងថៅកែចិនមិនបើកប្រាក់ឈ្នួលឱ្យកម្មករនោះទេ។ ចំណែក លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារខេត្តព្រះសីហនុ ក៏បានបញ្ជាក់យ៉ាងខ្លីដែរថា នេះមិនមែនជាករណីវិវាទការងារនោះទេ។ ករណីនេះ សមត្ថកិច្ចក៏បានចុះទៅនាំខ្លួនបុគ្គលិកជនជាតិប៉ាគីស្ថាន បង់ក្លាដេសចំនួន៥៧នាក់ និងថៅកែចិន ព្រមទាំងបុគ្គលិកជនជាតិចិនចំនួន២នាក់ទៀតទៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត







