នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ នៅវិមានរដ្ឋសភា ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការរដ្ឋសភា ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំនេះធ្វើឡើងក្នុងនាមជាតំណាងរាជរដ្ឋាភិបាល ជំនួសឱ្យលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
ក្នុងឱកាសនោះ ឯកឧត្ដម ហេង សួរ និងគណៈប្រតិភូរាជរដ្ឋាភិបាល បានចូលរួមពិភាក្សាជាមួយ ឯកឧត្ដម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) និងឯកឧត្ដមបណ្ឌិត លី ឆេង អនុប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) ព្រមទាំងតំណាងគណៈកម្មការផ្សេងៗនៃរដ្ឋសភា។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ និងពិភាក្សាឆ្លងសេចក្តីព្រាងច្បាប់ចំនួន ៥ ប្រការ រួមមាន៖
១. សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន។
២. សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ាន ស្តីពីបម្លាស់ទីរូបវន្តបុគ្គល។
៣. សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារទីមួយធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន–ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។
៤. សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារទីពីរធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន–អូស្រ្តាលី–នូវែលសេឡង់។
៥. សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ អនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម។
កិច្ចប្រជុំនេះជាផ្នែកមួយនៃដំណើរការសហការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល និងរដ្ឋសភា ក្នុងការពិនិត្យ និងអនុម័តច្បាប់សំខាន់ៗ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច ការងារ និងការអភិវឌ្ឍន៍ជាតិឱ្យកាន់តែរឹងមាំ។
ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ












