Skip to main content
Preah Sihanouk Provincial Television
Log in

បញ្ចប់គោរមងារឧកញ៉ាអ៊ឹម សុផាន់ណារិទ្ធ ហៅចែទូចក្រោយរកឃើញនាំចូលទំនិញពីថៃ

Historical original · translation unavailable

Summary

បញ្ចប់គោរមងារឧកញ៉ាអ៊ឹម សុផាន់ណារិទ្ធ ហៅចែទូចក្រោយរកឃើញនាំចូលទំនិញពីថៃ

ឧកញ៉ា អ៊ឹម សុផាន់ណារិទ្ធ ហៅចែទូច ត្រូវបានប្រមុខរដ្ឋស្ដីទីកម្ពុជា សម្ដេច ហ៊ុន សែន ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់គោរមងារឧកញ៉ានៅថ្ងៃទី១០ ខែតុលា តាមសំណើររបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា។ តាមរយៈព្រះរាជក្រឹត្យមិនបានបញ្ជាក់លម្អិតអំពីមូលហេតុដែលនាំឱ្យឈានដល់ការបញ្ចប់គោរមងារនេះឡើយ។ ប៉ុន្តែជាការកត់សម្គាល់ ការបញ្ចប់គោរមងារនេះ បានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងឃ្លាំងស្ដុកទំនិញរបស់ក្រុមហ៊ុន អ៊ឹម សុផាន់ណារិទ្ធ  ដែលស្គាល់ថា ជារបស់ចែទូច។ ក្នុងនោះ មន្ត្រីជំនាញបានរកឃើញសាច់ក្លាសេដូចជា ប្រហិត ជង្គង់មាន់ ស្លាបមាន់, ជើងមាន់ ក្បាលទា និងគ្រឿងក្នុងជ្រូករាប់សិបតោន ដែលមួយចំនួនបាននាំចូលពីប្រទេសថៃ។

ចំណែក ការបញ្ចប់គោរមងារនេះទៀតសោត ធ្វើឡើងបន្ទាប់ពីសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើឱ្យរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំចាត់ចោលមន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃចូលក្នុងពេលព្រំដែននៅបិទ ដែលធ្វើឱ្យថៃមើលងាយខ្មែរថា អត់ទំនិញគេមិនបាន។ សម្ដេច ហ៊ុន សែន បន្ថែមថា៖« ប្រសិនបើខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីដូចពេលមុនខ្ញុំមិនបាច់និយាយភាសានេះទេ គឺចេញបញ្ជាចាប់ខ្លួន ឬដកចេញពីមន្ត្រីតែម្តង ប៉ុន្តែសូមកុំគិតថា “ឆ្មាមិននៅកណ្តុរឡើងរាជ្យឱ្យសោះ“»៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…