Skip to main content
Preah Sihanouk Provincial Television
Log in

អគាអតីត«សណ្ឋាគារអង្គរមានជ័យ»មានវ័យចំណាស់ក្នុងក្រុងភ្នំពេញចាប់ផ្តើមវាយរំលំដោយសារទ្រុឌទ្រោមខ្លាំង

Historical original · translation unavailable

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធររាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ បានចាប់ផ្តើមដំណើរការវាយរំលំអគាអតីត «សណ្ឋាគារអង្គរមានជ័យ» ដែលមានអាយុកាល ៧៥ឆ្នាំ ដោយសារស្ថានភាពទ្រុឌទ្រោមខ្លាំង។ អគារសហកម្មសិទ្ធិ (អតីតសណ្ឋាគារអង្គរមានជ័យ) មានទីតាំងស្ថិតនៅកែងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម ក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា។ អគារនេះ មានក្រឡាផ្ទៃបាតទំហំសរុប ៥៩០ម៉ែត្រការ៉េ មានកម្ពស់ ៦ជាន់ ស្មើនឹង ១០៧បន្ទប់ សាងសង់ឡើង តាំងពីអំឡុងឆ្នាំ១៩៥០ គិតមកដល់បច្ចុប្បន្នសំណង់អគារមានអាយុ ៧៥ឆ្នាំមកហើយ។ អាជ្ញាធរ បានបញ្ជាក់ថា អគានឹងត្រូវចាប់ផ្តើមវាយកម្ទេចនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥។

បើតាមលិខិតរបស់ក្រសួងរៀបចំដែនដីចេញកាលពីខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា គ្រួសារដែលរស់នៅក្នុងអគារ ឬម្ចាស់បន្ទប់ចំនួន ៦១គ្រួសារ ស្មើនឹង ៩៤ភាគរយ បានស្រុះស្រួលឯកភាពបញ្ឈប់ការរស់នៅក្នុងអគារអង្គរមានជ័យ ដោយទទួលយកសំណងតាមតម្លៃទីផ្សារ ទៅរស់នៅទីកន្លែងផ្សេងដែលមានសុវត្ថិភាព។ ដោយឡែក នៅសល់គ្រួសារចំនួន៤ ពុំទាន់ឯកភាពទទួលយកដំណោះស្រាយនៅឡើយ។ ចំណែក មានក្រុមហ៊ុនចំនួន ០៣បានធ្វើការវាយតម្លៃលើអគានេះពីឆ្នាំ២០២៣ដល់២០២៥៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…