Skip to main content
Preah Sihanouk Provincial Television
Log in

រឿងចាក់សំឡេងខ្មោច!មន្រ្តីថៃ២រូបទទួលស្គាល់ករណីនេះជាការរំលោភកាតព្វកិច្ចអនុវត្តអនុសញ្ញា CAT ដែលថៃជារដ្ឋភាគី

Historical original · translation unavailable

ឧត្តមមន្រ្តីនៃការិយាល័យមហាអយ្យការមួយរូបរបស់ថៃ ដែលសុំមិនបញ្ចេញឈ្មោះដោយសារភាពភ័យខ្លាចការរិះគន់ពីសំណាក់ប្រជាជនថៃ លើកឡើងថា ការចាក់សំឡេងបន្លាច ដូចជាសំឡេងខ្មោចក្នុងភាពយន្ត សំឡេងរថក្រោះ និងសំឡេងយន្តហោះចម្បាំង F-16 ទៅលើប្រជាជនកម្ពុជា អាចនឹងត្រូវបកស្រាយថា ជាការរំលោភកាតព្វកិច្ចក្នុងការអនុវត្តអនុញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT) ដែលប្រទេសថៃជារដ្ឋភាគី។ នេះបើតាមការបញ្ជាក់ពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបានដកស្រង់ចេញផ្សាយពី កាសែត The Nation Thailand នៅថ្ងៃទី១៣ ខែតុលា។

គួរកត់សម្គាល់ថា ឧត្តមមន្រ្តី នៃការិយាល័យមហាអយ្យការ គឺជាមនុស្សទី២ហើយបន្ទាប់ពីលោកស្រី អង្គកាណា នីឡាផាយិត (Angkhana Neelapaijit) សមាជិកព្រឹទ្ធសភាថៃ ក្នុងការទទួលស្គាល់លើករណីការប្រើប្រាស់សំឡេងរំខានដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្តនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺជាការរំលោភបំពានអនុសញ្ញា CAT ហើយវាជាការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ រឿងនេះ ក៏មានការប្រតិកម្មពីទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធមនុស្សថៃ លោក ស៊ុនណៃ ផាសុក (Sunai Phasuk) ដោយដាក់ការស្តីបន្ទោសចំៗទៅលើ ចោម ប៉ាឡាងថា បុគ្គលម្នាក់នេះកំពុងបំផ្លាញកេរ្តិ៍ឈ្មោះថៃហើយ ដោយសារតែចាក់សំឡេងខ្មោច។ សកម្មភាពនេះគឺជាការគំរាមកំហែងផ្លូវចិត្តដល់ជនស៊ីវិល វាជារឿងខុសឆ្គងយ៉ាងច្បាស់ក្រឡែត។ លោកបង្ហោះសារលើបណ្តាញសង្គម X យ៉ាងដូច្នេះថា នាយករដ្ឋមន្ត្រី អានូទីន (Anutin) និងយោធា បែរជាទៅគាំទ្រ កាន ចោម ប៉ាឡាង ទៅវិញ។ អ្នកលេងបណ្តាញសង្គមថៃ ឈ្មោះ កាន ចោម ប៉ាឡាង ស្ថាបនិកនៃការផ្តួចផ្តើមគំនិតដ៏ស្មោកគ្រោកក្នុងការរៀបចំចាក់សំឡេងខ្មោចនិងឆ្កែលូនេះ ហើយបុគ្គលរូបនេះកន្លងទៅក៏បានយកឡានដឹកលាមកមកដាក់នៅតាមព្រំដែនកម្ពុជានិងថៃផងដែរ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…