ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) នឹងធ្វើជាសាក្សីលើកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ អំឡុងពេលលោកបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែតុលា។ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan។
យោងតាមលោក Mohamad បានបញ្ជាក់ថា ប្រទេសម៉ាឡេស៊ី និងសហរដ្ឋអាម៉េរិកនឹងសម្របសម្រួលបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ ដែលនឹងតម្រូវឱ្យភាគីទាំងពីរដកគ្រាប់មីន និងកាំភ្លើងធំទាំងអស់ចេញពីព្រំដែន។
លោកសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងត្រូវបានចុះហត្ថលេខាក្នុងអំឡុងកិច្ចប្រជុំនាពេលខាងមុខរបស់មេដឹកនាំមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា។
ភាពតានតឹងរវាងកម្ពុជា និងថៃលើចំណុចមិនទាន់កំណត់ព្រំដែននៅតាមបណ្តោយព្រំដែនគោកប្រវែង ៨១៧ គីឡូម៉ែត្រ (៥០៨ ម៉ាយ) បានផ្ទុះឡើងជាជម្លោះដ៏ធ្ងន់ធ្ងររយៈពេល ៥ ថ្ងៃក្នុងខែកក្កដា។ ការប្រយុទ្ធគ្នាដ៏អាក្រក់បំផុតរវាងប្រទេសទាំងពីរក្នុងរយៈពេលជាងមួយទសវត្សរ៍នេះ បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៤៨ នាក់ត្រូវបានសម្លាប់ និងរាប់សែននាក់ត្រូវបានផ្លាស់ទីលំនៅជាបណ្ដោះអាសន្ននៅភាគីទាំងពីរ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ


