កម្លាំងប្រជាការពារនៅតាមក្រុង-ស្រុកក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ មានសរុបចំនួន ១,១៧០នាក់ កើនឡើង ៨៣នាក់ ស្មើនឹង ៨ភាគរយ។ ក្នុងនោះក្រុមប្រជាការពារធ្វើសកម្មភាពសរុបចំនួន១០៧ក្រុម កើនឡើង ៩ក្រុម។ នេះបើតាមរបាយការណ៍របស់លោកឧត្តមសេនីយត្រី អ៊ុំ សំអុល ស្នងការរងនគរបាលខេត្តព្រះសីហនុ។ ក្នុងនោះ លោកស្នងការរងនគរបាលខេត្ត បានបញ្ជាក់ថា ក្រោមការគ្រប់គ្រងដឹកនាំដោយផ្ទាល់របស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រជាការពារបានក្លាយជាកម្លាំងជំនួយក្នុងការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយនៅតាមទីសាធារណពិធីបុណ្យផ្សេងៗនៅក្នុងសហគមន៍ រួមទាំងការផ្តល់ព័ត៌មានទាក់ទងទៅនឹងបទល្មើសនានា ក៏ដូចជាការចូលរួមល្បាតយាមកាមតាម ភូមិ-ឃុំ-សង្កាត់ សំដៅរួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងសហគមន៍។
ទន្ទឹមគ្នានេះ លោកស្នងការរងនគរបាលខេត្តរូបនេះ បានបញ្ជាក់បន្ថែមថា ក្នុងរយៈពេល៩ខែឆ្នាំ២០២៥នេះ ខេត្តព្រះសីហនុ បង្ក្រាបសកម្មភាពក្មេងទំនើងបានចំនួន ១១ករណី ឃាត់ខ្លួន ៥៤នាក់ ក្នុងនោះអនុវត្តន៍វិធានការរដ្ឋបាលកិច្ចសន្យាអប់រំ ៣ករណីមានមនុស្ស ១៦នាក់ និងអនុវត្តន៍វិធានការច្បាប់បញ្ជូនទៅសាលាដំបូងខេត្ត ៨ករណី មានមនុស្ស៣៨នាក់៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត



