(ខេត្តព្រះសីហនុ)៖ ឧកញ៉ា ឬទ្ធី រស្មី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខេមរៈ និងជាអគ្គនាយកស្ថានីយទូរទស្សន៍ KPS99 ខេត្តព្រះសីហនុ បានឧបត្ថម្ភម៉ូតូចំនួន ១០គ្រឿង ដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រគល់ជូនសិស្សជ័យលាភីនិទ្ទេសA ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ នៅខេត្តព្រះសីហនុ។
ក្នុងពិធីរដ្ឋបាលខេត្តព្រះសីហនុប្រគល់ជូនដល់សិស្សជ័យលាភីនិទ្ទេសA នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តព្រះសីហនុ, ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី សមាជិកព្រឹទ្ធសភា, ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពីឧកញ៉ា អភិបាលរងខេត្ត ប្រធានមន្ទីរខេត្ត និងអាណាព្យាបាលសិស្សនិទ្ទេសA។
គូសបញ្ជាក់ដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ បេក្ខជនមកប្រឡងសរុបចំនួន ២២១១នាក់ ស្រី ១ ១៤៦នាក់ បានប្រឡងជាប់ជាស្ថាពរចំនួន ២ ០០៤នាក់ ស្មើនឹង ៩០,៦៤% ស្រី ១ ០៧៥នាក់ ស្មើនឹង ៩៣,៨% ក្នុងនោះ បេក្ខជនជាប់និទ្ទេសA ៥៦នាក់ ស្រី២៦នាក់។ បើប្រៀបធៀបជាមួយឆ្នាំ២០២៤ សិស្សនិទ្ទេសA កើនបានចំនួន១១នាក់ ដែលជាកត្តាបង្ហាញឱ្យឃើញថា គុណភាពវិស័យអប់រំនៅក្នុងខេត្តគឺមានការកើនឡើង៕
អត្ថបទ៖ ចិន្តា ទីទិ
រូបភាព៖ កែវ ដារ៉ា




















