Skip to main content
Preah Sihanouk Provincial Television
Log in

អ្នកនាំពាក្យរាជរដ្ឋាភិបាលប្រតិកម្មទៅនឹងយោធាថៃថា«កន្លែងដែលទាហានថៃបានជាន់គឺជាទឹកដីរបស់ថៃ»

Historical original · translation unavailable

ប្រតិកម្មរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលើកឡើងក្រោយបណ្តាញសារព័ត៌មានថៃមួយចំនួនចុះផ្សាយដោយដកស្រង់សម្តីមន្រ្តីយោធាថៃដែលអះអាងថា «កន្លែងដែលទាហានថៃបានជាន់គឺជាទឹកដីរបស់ថៃ»។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានឆ្លើយតបទៅនឹងការអះអាងខាងលើដោយចង់សំដៅលើដីនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលពួកគេបានដាក់របងលួសបន្លា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ដោយបានឈូសឆាយ និងរាវមីននៅទីនោះដោយឯកតោភាគី។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់នៅរសៀលថ្ងៃទី១៧ ខែតុលានេះថា ព្រំដែនកម្ពុជា និងថៃ គឺជាព្រំដែនអន្តរជាតិរវាងរដ្ឋនិងរដ្ឋ ដែលត្រូវបានកំណត់ដោយអនុសញ្ញាឆ្នាំ១៩០៥ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ព្រមទាំងផែនទីខ្នាត ១/២០០.០០០ និងមានបង្គោលព្រំដែនចំនួន៧៤បង្គោល ដែលត្រូវបានបោះកាលពីជាង ១០០ឆ្នាំមុន។ ខ្សែព្រំដែននេះ មានតម្លៃផ្លូវច្បាប់រឹងមាំដែលត្រូវបានការពារដោយធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដែលមិនអាចត្រូវបានកែប្រែជាឯកតោភាគីដោយភាគីណាមួយបានឡើយ។

បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា គណៈកម្មការចម្រុះព្រំដែន (JBC) ដែលបានព្រមព្រៀងរវាងប្រទេសទាំងពីរ (កម្ពុជា-ថៃ) មានសមត្ថកិច្ចក្នុងការវាស់វែង និងកំណត់ខណ្ឌសីមារវាងប្រទេសទាំងពីរ។ ក្នុងពេលរង់ចាំការវាស់វែង និងការកំណត់ខណ្ឌសីមារបស់ JBC កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ដោយផ្នែកលើសន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយរវាងប្រទេសទាំងពីរ ព្រមទាំងច្បាប់អន្តរជាតិជាធរមាន។ កម្ពុជាទាមទារឱ្យភាគីថៃគោរពនូវអ្វីដែលបានព្រមព្រៀងគ្នា ដោយទុកឱ្យ JBC ប្រជុំដោះស្រាយបញ្ហាខណ្ឌសីមា ចៀសវាងការធ្វើសកម្មភាពបង្កហេតុមួយដែលនាំទៅដល់ការពង្រីកវិសាលភាពនៃទំនាស់។

អ្នកនាំពាក្យដដែល បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់គោលជំហរយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ដោយមិនទទួលយកជាដាច់ខាតនូវការប្រកាសជាឯកតោភាគីរបស់យោធាថៃ ពីព្រោះយោធាគ្មានសមត្ថកិច្ចក្នុងការសម្រេចអំពីខណ្ឌសីមារបស់ប្រទេសនោះឡើយ ហើយការប្រកាសបែបនេះ ក៏គ្មានតម្លៃគតិយុត្តនោះដែរ។ ទោះបីជារាជរដ្ឋាភិបាលកម្ពុជាសម្តែងការអត់ធ្មត់ក្នុងអំឡុងពេលអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីចៀសវាងការផ្ទុះអាវុធដែលអាចបង្កមហន្តរាយធំធេងដល់ប្រទេសជាតិ និងប្រជាជនទាំងសងខាង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនបោះបង់សិទ្ធិក្នុងការទាមទារដែនអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួនស្របតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិឡើយ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…