ថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មានមួយចំនួនផ្អែកលើរបាយការណ៍ដែលមានចរិតនយោបាយថា ឯកឧត្តម ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជាសហវិនិយោគិនជាមួយក្រុមហ៊ុនកាស៊ីណូ ជីន ប៉ី (Jin Bei) នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ជុំវិញនឹងករណីនេះ ក្រសួងមហាផ្ទៃ បានចេញមុខអះអាងថា ឯកឧត្តម ស សុខា គ្មានការពាក់ព័ន្ធ និងពុំមានភាគហ៊ុនណាមួយជាមួយអាជីវកម្មកាស៊ីណូ ជីន ប៉ីឡើយ។ ការចោទប្រកាន់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្វើឡើងស្របពេលដែលមានរបាយការណ៍មួយអះអាងថា ម្ចាស់ក្រុមហ៊ុនកាស៊ីណូ ជីន ប៉ី លោក ជូ ចុងពាវ (Zhu Zhongbiao) បានមកប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ និងលាងលុយកខ្វក់ នៅក្រុងព្រះសីហនុ ជាមួយអ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមហ៊ុនព្រីនស៍គ្រុប។ គម្រោងរាយការណ៍អំពីឧក្រិដ្ឋកម្ម និងអំពើពុករលួយ (OCCRP) នៅថ្ងៃទី១៧ ខែតុលា បានចេញរបាយការណ៍មួយស្តីពី ម្ចាស់ក្រុមហ៊ុនកាស៊ីណូ ជីន ប៉ី នៅខេត្តព្រះសីហនុ មានទ្រព្យសម្បត្តិរាប់លានដុល្លារ នៅទីក្រុងឌូបៃ ប្រទេសអេមីរាត់អារ៉ាប់រួម ខណៈទ្រព្យសម្បត្តិទាំងនោះ ត្រូវបានគេជឿថា បានមកពីការប្រព្រឹត្តបទល្មើសឆបោកអនឡាញ និងលាងលុយកខ្វក់។ រីឯលោក ចេន ហ្ស៊ី បានរងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នាពេលថ្មីៗនេះចំពោះតួនាទីរបស់លោកនៅក្នុងបណ្តាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។
យ៉ាងណាក្រសួងមហាផ្ទៃបានបញ្ជាក់បន្ថែមថា ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងបទល្មើសផ្សេងៗ។ ជាក់ស្តែង ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ក្នុងរយៈពេល៩ខែឆ្នាំ២០២៥នេះ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចបានស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) បាន៤៨លើក ក្នុងនោះឃាត់ខ្លួនបញ្ជូនទៅតុលាការ ១៦៨នាក់ និងបណ្តេញចេញពីកម្ពុជា ២,៧២២នាក់។ បទល្មើសជួយដូរមនុស្សបង្ក្រាបបាន ១៤៧ករណី ឃាត់ខ្លួន ២០៥នាក់កសាងសំណុំរឿងបញ្ជូនទៅតុលាការ និងរំដោះជនរងគ្រោះ ៤៨៣នាក់។ បទល្មើសគ្រឿងញៀន បង្ក្រាបបាន ៦,៩១៤ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធ ១៧,៤០៦នាក់ រឹបអូសគ្រឿងញៀនគ្រប់ប្រភេទបានប្រមាណជាង ៧តោន និងសារធាតុគីមីផ្សំប្រមាណ ៤៨តោន៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត






