ខេត្តព្រះសីហនុ៖ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) នៃរដ្ឋសភា បានដឹកនាំប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា អញ្ជើញជំនួបពិភាក្សាការងារស្ដីពីការអនុវត្តច្បាប់ជាមួយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ព្រមទាំងប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្តបានចូលរួម ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បានជំរាបជូនពីសក្តានុពល និងភូមិសាស្ត្ររបស់ខេត្តព្រះសីហនុ ដែលស្ថិតនៅភាពនារតី នៃប្រទេសកម្ពុជា ហើយខេត្តព្រះសីហនុមាន៣ក្រុង ៣ស្រុក ២៩ឃុំ សង្កាត់ មានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនមានដូចជា ផ្លូវទឹក គោក ដែក និងផ្លូវអាកាស និងមានកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ ផ្លូវល្បឿនលឿន មានកោះតូច/ធំ ៣២ និងតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ សក្តានុពលទាំងអស់នេះ ជួយរុញច្រានខេត្តព្រះសីហនុ ជាតំបន់ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ជាពិសេសទាក់ទាញអ្នកវិនិយោគ និងទេសចរណ៍មកកាន់ខេត្តព្រះសីហនុ។
ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ (គណៈកម្មការទី៦ )នៃរដ្ឋសភាបានធ្វើការកោតសរសើរ វាយតម្លៃខ្ពស់ចំពោះសេចក្តីរាយការណ៍ ឯកឧត្តម អភិបាលខេត្តព្រះសីហនុក្នុងការដឹកនាំខេត្តព្រះសីហនុ មានសន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនាពេលបច្ចុប្បន្ន និងទៅអនាគត ឯកឧត្តមក៏បានបន្តថា វត្តមានរបស់គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភានាពេលនេះ មានគោលបំណងដើម្បីឈ្វេងយល់ពីប្រសិទ្ធភាពនៃការងារអនុវត្តន៍ច្បាប់ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងបញ្ហាប្រឈមនានាក្នុងការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ដែលពាក់ព័ន្ធ និងសមត្ថកិច្ចរបស់គណ:កម្មការទី៦ នៃរដ្ឋសភា ជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការដាក់បញ្ចូលក្នុងផែនការសកម្មភាព ដើម្បីអនុវត្តបន្តឱ្យកាន់តែមានប្រសិទ្ធិភាព និងប្រសិទ្ធិផលខ្ពស់បន្ថែមទៀតនាពេលខាងមុខផងដែរ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម








