ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចអនុវត្តគោលនយោបាយពន្ធគយសូន្យ (០%) លើទំនិញមួយចំនួន ដែលនាំចូលមកពីប្រទេសកម្ពុជា ក្នុងនោះក៏មានប្រទេសថៃ និងម៉ាឡេស៊ីផងដែរ។ សកម្មភាពនេះមិនត្រឹមតែជាការទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងវិស័យសន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានចាត់ទុកថាជាការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏សំខាន់របស់អាម៉េរិក នៅក្នុងឆាកការទូតអាស៊ីអាគ្នេយ៍។ នេះបើយោងតាមសេតវិមាន បានប្រកាសជាផ្លូវការនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ។
លោកប្រធានាធិបតី ត្រាំ បានថ្លែងនៅពេលចុះហត្ថលេខាលើអនុវត្តគោលនយោបាយពន្ធគយថា ប្រទេសទាំងបីបានបង្ហាញនូវឥរិយាបថវិជ្ជមាន និងបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់សន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដែលរដ្ឋាភិបាល អាម៉េរិកទទួលស្គាល់ និងគាំទ្រយ៉ាងពេញទំហឹង។
ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីពិធីចុះហត្ថលេខាលើ «សេចក្តីប្រកាសសន្តិភាពថៃ-កម្ពុជា» ដែលប្រព្រឹត្តទៅនៅក្នុងប្រទេសម៉ាឡេស៊ី។ លោក ត្រាំ បានធ្វើជាសាក្សីផ្ទាល់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការជំរុញស្ថិរភាពក្នុងតំបន់។ ការអនុវត្តអនុគ្រោះពន្ធសូន្យនេះ ត្រូវបានគេមើលឃើញថាជាការតបស្នងដ៏ជាក់ស្តែងរបស់សហរដ្ឋអាម៉េរិក ចំពោះសកម្មភាពវិជ្ជមាននេះ។
ទោះជាយ៉ាងណាក៏ដោយ សេតវិមានមិនទាន់បានបញ្ជាក់ជាសាធារណៈនូវបញ្ជីឈ្មោះទំនិញជាក់លាក់ដែលនឹងទទួលបានអនុគ្រោះពន្ធសូន្យនៅឡើយទេ។ តាមការលេចឮព័ត៌មាន ក្រសួងពាណិជ្ជកម្ម និងក្រសួងរតនាគាររបស់សហរដ្ឋអាម៉េរិក នឹងសហការពិនិត្យរួមគ្នា ហើយនឹងចេញផ្សាយនូវលក្ខន្តិកៈលម្អិត និងបញ្ជីទំនិញផ្លូវការនៅពេលក្រោយ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ


