Skip to main content
Preah Sihanouk Provincial Television
Log in

អាជ្ញាធរអប្សរាទល់ទ្រនិងអភិរក្សប្រាសាទបក្សីចាំក្រុងដែលប្រឈមហានិភ័យខ្ពស់

KPS99TVHistorical original · translation unavailable

អាជ្ញាធរជាតិអប្សរា តាមរយៈក្រុមការងារជំនាញ បាននឹងកំពុងទល់ទ្រ និងអភិរក្សជួសជុលប្រាសាទបក្សីចាំក្រុង ខណៈដែលប្រាសាទឥដ្ឋដែលមានអាយុកាលជាង ១,០០០ឆ្នាំមួយនេះមានភាពទ្រុឌទ្រោមខ្លាំង។

បើតាមប្រធានគម្រោងអភិរក្សប្រាសាទបក្សីចាំក្រុង លោក ពុទ្ធ សុទ្ធ បានឱ្យដឹងថា ប្រាសាទនេះមានខឿនថ្មបាយក្រៀម ៤ថ្នាក់ និងមានកម្ពស់សរុប ២៩,២០ម៉ែត្រ។ ការទល់ទ្រ និងអភិរក្សសង្រ្គោះបន្ទាន់នេះ ធ្វើឡើងបន្ទាប់ពីផ្នែកដំបូលនៃប្រាសាទនេះមានភាពទ្រុឌទ្រោមខ្លាំង។ បន្ទាប់ពីមានការត្រួតពិនិត្យត្រឹមត្រូវ និងហ្មត់ចត់ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានសម្រេចជាគោលការណ៍ឱ្យមានក្រុមការងារទល់ទ្រអភិរក្សជាបន្ទាន់។ លោក ពុទ្ធ សុទ្ធ បន្ថែមថា កន្លែងហានិភ័យខ្លាំងនៅក្នុងប្រាសាទនេះ គឺនៅផ្នែកដំបូល និងផ្នែកខ្លះនៃជញ្ជាំង។

ដោយសារជាប្រាសាទខ្ពស់ ដូច្នេះគេត្រូវប្រើកម្លាំងពលករច្រើន ដើម្បីជញ្ជូនសម្ភារៈផ្សេងៗឡើងលើប្រាសាទ ហើយត្រូវសង់រន្ទា ដើម្បីរៀបចំទល់ទ្រ ទប់លំនឹងកំពូលប្រាសាទនេះ។ មន្រ្តីដដែល បានបញ្ជាក់ទៀតថា វាជាការសម្រេចចិត្តដ៏ល្អបំផុត និងទាន់ពេលវេលា ដើម្បីបង្ការហានិភ័យខ្ពស់ជាងនេះ ដែលតម្រូវឱ្យមានផែនការជួសជុល សម្រាប់ថ្ងៃអនាគតផងដែរ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…