Skip to main content
Preah Sihanouk Provincial Television
Log in

រដ្ឋបញ្ចេញមូលនិធិ៤០លានដុល្លារបន្ថែមសម្រាប់ជួយដោះស្រាយបញ្ហាស្រូវធ្លាក់ថ្លៃ

KPS99TVHistorical original · translation unavailable

ដើម្បីអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងរដូវប្រមូលផលនាចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦ខាងមុខនេះ រាជរដ្ឋាភិបាលបានសម្រេចបញ្ចេញមូលនិធិចំនួន៤០លានដុល្លារអាមេរិកបន្ថែមទៀតតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សម្រាប់ផ្តល់ឥណទានជាទុនបង្វិលដល់រោងម៉ាស៊ីនកិនស្រូវដៃគូប្រមូលទិញស្រូវឱ្យអស់លទ្ធភាព និងតាមតម្លៃសមរម្យពីប្រជាកសិករ។ ការណ៍នេះ ដោយសារតម្លៃស្រូវមានការធ្លាក់ចុះ ខណៈពេលដែលតម្លៃអង្ករលើទីផ្សារអន្តរជាតិកំពុងមាននិន្នាការធ្លាក់ចុះ ព្រោះតែស្តុកអង្ករសម្រាប់សុវត្ថិភាពស្បៀងឆ្នាំ២០២៤ របស់ប្រទេសមួយចំនួនបន្តប្រើប្រាស់ក្នុងឆ្នាំ២០២៥ទៀត ដែលធ្វើតម្រូវការអង្ករលើទីផ្សារអន្តរជាតិធ្លាក់ចុះ ជាមួយនឹងផលិតកម្មស្រូវនៅកម្ពុជា និងលើសកលលោកបន្តកើនឡើង។

ឆ្លើយតបនឹងបញ្ហាធ្លាក់ថ្លៃនេះ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ ARDB បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកខ្ពស់លើការរក្សាលំនឹងថ្លៃស្រូវ និងលំនឹងជីវភាពប្រជាកសិករដោយចាត់វិធានការអន្តរាគមន៍ជាបន្តបន្ទាប់រួមទាំងការបញ្ចេញមូលនិធិ ក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលសម្រាប់ផ្តល់ឥណទានជាទុនបង្វិលដល់រោងម៉ាស៊ីនកិនស្រូវដែលជាដៃគូជាមួយនឹងធនាគារ ARDB និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីប្រមូលទិញស្រូវតាមតម្លៃសមរម្យពីប្រជាកសិករ។  

ជុំវិញនឹងបញ្ហានេះ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម យ៉ង សាំងកុមារ ធ្លាប់បានគូសបញ្ជាក់ថា ប៉ុន្មានខែកន្លងមកនេះ តាមរយៈមន្ត្រីកសិកម្មឃុំ និងរោងម៉ាស៊ីនដៃគូទាំងអស់ ក្រសួងកសិកម្មនិងសហព័ន្ធស្រូវអង្ករបានធ្វើការជាមួយគ្នាស្ទើរតែរៀងរាល់ថ្ងៃ ដើម្បីធានាឱ្យបានថាការប្រមូលទិញស្រូវពីបងប្អូនកសិករនៅតាមទីវាលនៅតែមានលំហូរជាប់ជាប្រចាំ និងជួយមិនឱ្យកសិករកកស្ទះរហូតដល់ខូចស្រូវនោះឡើយ។ ត្រឹមខែតុលា ឆ្នាំ២០២៥ ដំណោះស្រាយការប្រមូលផលនិងទីផ្សារបានប្រមាណ ៨លានតោន នៅសល់ជាង ៦លានតោនទៀត ត្រូវបន្តដោះស្រាយក្នុងខែវិច្ឆិកា និងធ្នូ។ ដោយឡែក តែក្នុងខែវិច្ឆិកាប៉ុណ្ណោះ ត្រូវប្រមូលផលស្រូវប្រមាណ ៤,៥លានតោន ឬជាមធ្យមប្រមាណ ១៥ម៉ឺនតោនក្នុងមួយថ្ងៃ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…