ខេត្តកែប៖ វិថីតេជោសន្តិភាពឆ្នេរអង្កោល កំពុងក្លាយជាផ្លូវទេសចរណ៍សំខាន់មួយ ដែលលើកស្ទួយរូបរាងទេសភាពឆ្នេរខេត្តកែបឱ្យកាន់តែស្រស់ស្អាត មានរបៀបរៀបរយ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ផ្លូវនេះត្រូវបានរៀបចំឱ្យមានចំណតរថយន្ត ផ្លូវជិះកង់ និងផ្លូវថ្មើរជើង ដើម្បីបម្រើការដើរកម្សាន្ត និងសម្រាករបស់ប្រជាពលរដ្ឋជាមួយភ្ញៀវទេសចរ។
ក្រៅពីជាផ្លូវលើកសម្រស់ទេសភាពឆ្នេរ វិថីនេះក៏មានតួនាទីសំខាន់ក្នុងការតភ្ជាប់ពីក្រុងកែបទៅកាន់តំបន់សហគមន៍ទេសចរណ៍ និងតំបន់នេសាទនៅក្នុងឃុំអង្កោល ដោយឆ្លងកាត់តំបន់កសិកម្ម ស្រែអំបិល ព្រៃកោងកាង និងភ្ជាប់ជាមួយផ្លូវខេត្តលេខ ១៣៣២ ដែលជាផ្លូវសំខាន់នាំភ្ជាប់រវាងស្រុកដំណាក់ចង្អើរ និងច្រកលក ខេត្តកំពត នៅព្រំដែនកម្ពុជា–វៀតណាម។
ក្រៅពីនេះ វិថីតេជោសន្តិភាពឆ្នេរអង្កោល ក៏បានភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធផ្លូវជាច្រើននៅក្នុងតំបន់ភូមិសាស្ត្រខេត្តកែប ដើម្បីអនុញ្ញាតឱ្យមានការធ្វើដំណើរងាយស្រួលទៅកាន់តំបន់ទីប្រជុំជន ភូមិឋាន និងតំបន់ទេសចរណ៍ផ្សេងៗទៀត។
សូមជម្រាបជូនថា វិថីតេជោសន្តិភាពឆ្នេរអង្កោល មានប្រវែងសរុប ១២,៦៤៥ ម៉ែត្រ តំណាងឱ្យអនុគម្រោងមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន ក្នុងមហាអនុតំបន់មេគង្គ ជំហានទី២។ គម្រោងនេះចាប់ផ្តើមសាងសង់នៅខែមករា ឆ្នាំ២០២២ មានរយៈពេលសំណង់២៤ខែ ហើយបញ្ចប់ដោយជោគជ័យក្នុងខែមករា ឆ្នាំ២០២៤។ វាត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។
ការបញ្ចប់និងប្រើប្រាស់វិថីតេជោសន្តិភាពឆ្នេរអង្កោលនេះ មិនត្រឹមតែជួយលើកស្ទួយទេសភាពឆ្នេរខេត្តកែបឱ្យស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជំហានសំខាន់មួយក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងតំបន់ឱ្យកាន់តែរីកចម្រើនផងដែរ។
ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ




