Skip to main content
Preah Sihanouk Provincial Television
Log in

ក្រសួង៣រៀបចំកម្លាំង សហការរៀបចំព្រឹត្តិការណ៍ “ភូមិហ្រ្វង់កូហ្វូន” អមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

KPS99TVHistorical original · translation unavailable

ក្រសួងទេសចរណ៍ ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំកិច្ចប្រជុំសម្របសម្រួលសំខាន់មួយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីពិភាក្សាលើការរៀបចំព្រឹត្តិការណ៍អន្តរជាតិ «ភូមិហ្រ្វង់កូហ្វូន» ដែលនឹងធ្វើឡើងអមនឹងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជាកំពុងត្រៀមធ្វើជាម្ចាស់ផ្ទះ។

កិច្ចប្រជុំនេះមានការចូលរួមយ៉ាងសកម្មពី លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងអនុប្រធានគណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ក្នុងកិច្ចប្រជុំនេះ បានពិភាក្សាលើទីតាំង ការរៀបចំផែនការ និងគ្រប់វិស័យបច្ចេកទេសសម្រាប់ការអនុវត្តព្រឹត្តិការណ៍ «ភូមិហ្រ្វង់កូហ្វូន» (Village Francophone) ដែលជាផ្នែកអមដ៏សំខាន់មួយនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី។

កម្ពុជាបានទទួលការអនុញ្ញាតជាផ្លូវការដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំពិសេសនេះ ដែលនឹងប្រមូលផ្តុំប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលចំនួនជាង ៩០ប្រទេស សមាជិកអង្គការអន្តរជាតិនៃប្រទេសនិយាយភាសាបារាំង (OIF)។ វេទិកានេះជាកន្លែងសម្រេចចិត្តសំខាន់ ដើម្បីពិភាក្សាលើបញ្ហា និងអាទិភាពសកល រួមមាន នយោបាយអន្តរជាតិ កិច្ចសហប្រតិបត្តិការអភិវឌ្ឍ សិទ្ធិមនុស្ស អប់រំ វប្បធម៌ និងកិច្ចប្រជាធិបតេយ្យ។

ក្នុងឱកាសនោះ ក៏នឹងមានការរៀបចំព្រឹត្តិការណ៍អមធំៗចំនួនពីរគឺ ភូមិហ្រ្វង់កូហ្វូន (Village Francophone) និងភូមិហ្វ្រង់កូតិក (FrancoTech)។ ព្រឹត្តិការណ៍ទាំងនេះរំពឹងថានឹងទាក់ទាញអ្នកចូលរួមពីទូទាំងពិភពលោក ព្រមទាំងភ្ញៀវព័ត៌មានជាតិ និងអន្តរជាតិ ដើម្បីជួយផ្សព្វផ្សាយ និងលើកកម្ពស់សក្តានុពលវប្បធម៌ និងទេសចរណ៍របស់កម្ពុជានៅលើឆាកអន្តរជាតិ។

ក្រសួងទាំងបីបានបញ្ជាក់ថា ការរៀបចំគម្រោង និងការងារទាំងអស់នឹងត្រូវអនុវត្តតាមគោលការណ៍ជាតិ និងស្តង់ដារអន្តរជាតិ ដើម្បីធានាថា កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០នៅកម្ពុជានឹងប្រព្រឹត្តទៅប្រកបដោយភាពរៀបរយ កិត្តិយស និងទទួលបានលទ្ធផលជោគជ័យ។ ដោយ៖ KPS99TV

Comments

Loading comments…