Skip to main content
Preah Sihanouk Provincial Television
Log in

អាជ្ញាធរខេត្តព្រះសីហនុថានឹងព្យាយាមដោះស្រាយបញ្ហានិងទុក្ខកង្វល់ជូនពលរដ្ឋឱ្យអស់ពីលទ្ធភាព

KPS99TVHistorical original · translation unavailable

សំណើ និងទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅស្រុកស្ទឹងហាវ បានដាក់ជូនឱ្យអាជ្ញាធរខេត្តព្រះសីហនុ ក្នុងការជំរុញឱ្យជួយដោះស្រាយនូវបញ្ហាប្រឈមដែលពួកគាត់កំពុងជួបការលំបាកដោយផ្ទាល់។ សំណើទាំងអស់សរុបមានចំនួន៣២ ដែលភាគច្រើនពាក់ព័ន្ធនឹងបញ្ហាដីធ្លី គឺការស្នើសុំចេញប្លង់កម្មសិទ្ធិ, កាស្នើសុំប្រព័ន្ធផ្លូវថ្នល់, ការស្នើសុំបង្កើតប៉ុស្តិ៍រដ្ឋបាលថ្មី, បញ្ហាកសិកម្ម និងមានបញ្ហាផ្សេងៗជាច្រើនទៀត។ សំណើទាំងនេះបានដាក់ជូនអាជ្ញាធរខេត្តនាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ឆ្នាំ២០២៥ ដែលរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម កែវ ឡាយ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ។ ក្នុងនោះលោក សាមុត សុធារិទ្ធ បានប្រកាសគោលជំហរយ៉ាងម៉ឺងម៉ាត់ថា នឹងព្យាយាមដោះស្រាយបញ្ហា និងទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាព។ ករណីដែលមិនទាន់អាចដោះស្រាយបានភ្លាមៗ លោកថានឹងធ្វើរបាយការណ៍ដាក់ជូនទៅឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តដើម្បីដោះស្រាយបន្ត។ យ៉ាងណា សំណើរបស់ពលរដ្ឋទាំង៣២នេះ មានសំណើដោយផ្ទាល់មាត់ចំនួន ១៤ករណី និងសំណើជាលាយលក្ខណ៍អក្សរចំនួន១៨ករណី។

ជាការកត់សម្គាល់៖ វេទិកាខាងលើ រដ្ឋបាលខេត្តព្រះសីហនុតែងតែរៀបចំឡើងរៀងរាល់១ឆ្នាំម្តង ដើម្បីជាការបើកផ្លូវឱ្យប្រជាពលរដ្ឋបានលើកឡើងនូវសំណើ និងសំណូមពររបស់ខ្លួនដែលកំពុងជួបការលំបាក ព្រមទាំងបង្ហាញនូវលទ្ធផលការងារជាអទិភាពដែលរដ្ឋបាលខេត្តសម្រេចបានឱ្យពលរដ្ឋបានដឹងច្បាស់ផងដែរ។ នៅឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តបានរៀបចំវេទិកានេះ ចាប់តាំងពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ខែវិច្ឆិកា ដែលគ្រោងនឹងបិទបញ្ចប់នៅថ្ងៃទី២៤។ បច្ចុប្បន្នវេទិកានេះ បានបញ្ចប់ការរៀបចំនៅក្រុងព្រះសីហនុ ស្រុកកំពង់សីលា ស្រុកព្រៃនប់ ក្រុងកំពង់សោម និងស្រុកស្ទឹងហាវរួចរាល់ហើយ នៅឡើយតែក្រុងកោះរ៉ុងមួយទៀតតែប៉ុណ្ណោះ។ យ៉ាងណា ក្នុងវេទិការដែលបានរៀបចំរួចរាល់នៅតាមក្រុងស្រុកទាំង៥នេះ គេសង្កេតឃើញថា សំណើររបស់ប្រជាពលរដ្ឋបានលើកឡើងស្រដៀងៗគ្នា គឺភាគច្រើនពួកគាត់ស្នើសុំផ្លូវបេតុង, ការស្តារប្រព័ន្ធលូ ប្រឡាយរំដោះទឹកភ្លៀង, ការគ្រប់គ្រងនិងការប្រមូលសំរាម សំណល់រឹង និងរាវ, បញ្ហាចេញប្លង់កម្មសិទ្ធិដីធ្លី, បញ្ហាក្មេងទំនើង, បញ្ហាគ្រឿងញៀនក្នុងមូលដ្ឋាន បញ្ហាបទល្មើសនេសាទ និងបញ្ហាកសិកម្មជាដើម។

ចំណែក វេទិកានាព្រឹកមិញនេះ លោកសាមុត សុធារិទ្ធ បានជួយដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋបានមួយចំនួន និងបានបញ្ជាឱ្យអភិបាលស្រុកស្ទឹងហាវសហការជាមួយអាជ្ញាធរនៃមន្ទីរពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់ និងអាជ្ញាធរមូលដ្ឋានចុះសិក្សា និងដោះស្រាយរាល់បញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះបន្ថែម។ រីឯសំណើដែលមិនទាន់បានឆ្លើយតប លោកថា នឹងធ្វើរបាយការណ៍ដាក់ជូនឯកឧត្តមអភិបាលខេត្ត ដើម្បីដាក់បញ្ចូលជាអាទិភាពទៅក្នុងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក ក្នុងការពិនិត្យ និងពិភាក្សាដោះស្រាយ៕

អត្ថបទ៖ ង៉ែត ពិសាន្ត

រូបភាព៖ ទាវ វិឆាត

Comments

Loading comments…