(សៀមរាប)៖ ផ្សារផលិតផលខ្មែរខេត្តសៀមរាប កំពុងបន្តដំណើរការលក់កសិផល និងផលិតផលក្នុងស្រុកជាប្រចាំ ដោយបង្ហាញផលិតផលវិវត្តនានា រួមមាន បន្លែសុវត្ថិភាព ផ្លែឈើ សាច់សត្វ អង្ករ និងអាហារកែច្នៃពីកសិករ និងអ្នកផលិតខ្មែរក្នុងខេត្តសៀមរាប។
ការលក់ត្រូវបានរៀបចំរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ ចាប់ពីម៉ោង ៧ព្រឹកដល់ ១២ថ្ងៃត្រង់ នៅសួនច្បារហាត់ប្រាណ ភូមិមណ្ឌល ២ សង្កាត់ស្វាយដង្គំ ក្បែរមាត់ស្ទឹងសៀមរាប និងនៅជិតសួនព្រះរាជដំណាក់។ ទីតាំង៖ https://maps.app.goo.gl/xTVrLCxMaqCU9iuu5
ផ្សារផលិតផលខ្មែរនេះ ត្រូវបានបង្កើតឡើងក្រោមការដឹកនាំ និងគាំទ្រពីក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តសៀមរាប តាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)។ ផ្សារបានដំណើរការជាផ្លូវការចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។
គោលបំណងសំខាន់របស់ផ្សារនេះ គឺផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ អាជីវករខ្នាតតូច និងក្រុមផលិតក្នុងស្រុក ដើម្បីបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅ។ ជាមួយគ្នានេះផងដែរ ការចូលរួមប្រើប្រាស់ និងគាំទ្រផលិតផលខ្មែរ គឺជាដំណាក់កាលដំបូងក្នុងការជំរុញផលិតភាព ការកើនឡើងចំណូល និងអភិវឌ្ឍសេដ្ឋកិច្ច–សង្គមក្នុងតំបន់។
សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមគាំទ្រផ្សារផលិតផលខ្មែរ ដើម្បីជួយលើកស្ទួយជីវភាពកសិករ និងអ្នកផលិតខ្មែរ។
ដោយ៖ KPS99TV










