Skip to main content
Preah Sihanouk Provincial Television
Log in

ចិនសន្យាបន្តជួយកម្ពុជា លើវិស័យសកម្មភាពមីនមនុស្សធម៌រហូតដល់កម្ពុជា អាចសម្រេចបាននូវគោលដៅចុងក្រោយ «កម្ពុជាគ្មានមីន»

KPS99TVHistorical original · translation unavailable

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ បានជួបពិភាក្សាទ្វេភាគីជាមួយលោក Liang Guotao ប្រធាននាយកដ្ឋានត្រួតពិនិត្យអាវុធ នៃក្រសួងការបរទេសសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចសន្ទនាកម្រិតខ្ពស់ ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការកៀរគរធនធានក្នុងសកម្មភាពមីន ដែលប្រព្រឹត្តិទៅនៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាមនៅកម្ពុជា ហើយការចូលរួមរបស់មិត្តចិនពិតជាសារៈសំខាន់ ដើម្បីធ្វើឱ្យប្រទេសកម្ពុជាអាចសម្រេចបាននូវគោលដៅរបស់ខ្លួន។ ដោយកម្ពុជានូវមានតម្រូវការខ្ពស់លើការងារមនុស្សធម៌នេះ ឯកឧត្តមបណ្ឌិត បានស្នើឱ្យរដ្ឋាភិបាលចិនបន្តផ្តល់ជំនួយគាំទ្របន្ថែមទៀតទាំងផ្នែកបណ្តុះបណ្តាល សម្ភារៈ និងថវិកា ។

ជាការឆ្លើយតប លោក Liang Guotao បានលើកសរសើរកម្ពុជា ក្នុងភាពជាប្រធាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាកាលពីឆ្នាំ២០២៤ នៅខេត្តសៀមរាប។ ភាគីចិនបានសន្យាជួយកម្ពុជាលើវិស័យសកម្មភាពមីនបន្តទៅឆ្នាំខាងមុខទៀតរហូតកម្ពុជាអាចសម្រេចបាននូវគោលដៅចុងក្រោយ។

ជាមួយគ្នានោះ លោក Liang Guotao បានសម្តែងការសោកស្ដាយចំពោះការបាត់បង់អាយុជីវិត និងរងរបួសរបស់ប្រជាពលរដ្ឋស៊ីវិល ក្នុងសង្គ្រាមកម្ពុជា-ថៃ ហើយលោកបានអំពាវនាវអោយភាគីបន្តភាពអត់ធ្មត់ និងដោះស្រាយដោយសន្តិវិធី៕

ដោយ៖ ចិន្តា ទីទិ

Comments

Loading comments…