Skip to main content
Preah Sihanouk Provincial Television
Log in

ប្រធានកិត្តិយសសាខាសមាគមនារីខេត្តកំពត អំពាវនាវឲ្យជនភៀសសឹកជឿជាក់លើរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ និងសម្តេចធិបតី

KPS99TVHistorical original · translation unavailable

ខ្មែរត្រូវរួបរួមកម្លាំង និងសាមគ្គីភាពជាតិខ្មែរតែមួយ ដើម្បីជួយឧបត្ថម្ភគាំទ្រ ដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក។ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៥ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពតបានដឹកនាំសមាជិកា និងអាជ្ញាធរមូលដ្ឋាន ចុះជួបសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនដល់ជនភៀសសឹក មកពីបណ្តាខេត្តផ្សេងៗដែលបាននិងកំពុងស្នាក់នៅជាបណ្តោះអាសន្នជាមួយសាច់ញាតិរបស់ខ្លួននៅក្នុងស្រុកឈូក ខេត្តកំពត។

ក្នុងឱកាសនោះ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកសេចក្តីទុក្ខព្រួយ ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលជាជនភៀសសឹក ពីសំណាក់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ពិសេសពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលជានិច្ចកាល សម្តេចតែងតែគិតគូរដល់សុខទុក្ខ និងការលើកកម្ពស់សិទ្ធិ និងសុខមាលភាពរបស់បងប្អូនស្ត្រី និងកុមារ។

លោកជំទាវ ប្រធានកិត្តិយសសាខាសមាគមនារីខេត្តកំពត បានលើកទឹកចិត្តដល់បងប្អូនជនភៀសសឹក សូមបន្តយកចិត្តទុកដាក់ថែទាំសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយសូមកុំបារម្ភចំពោះបញ្ហាកន្លែងស្នាក់នៅ និងអាហារហូបចុក ព្រោះរដ្ឋបាលខេត្តកំពត ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន និងដោយមានការណែនាំពីប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរខេត្តបានត្រៀមលក្ខណៈរួចរាល់ សម្រាប់ទទួលបងប្អូនយ៉ាងពេញលេញ។

ជាមួយគ្នានេះដែរ លោកជំទាវ ប្រធានកិត្តិយសសាខាសមាគមនារីខេត្តកំពត ក៏បានអំពាវនាវដល់ពលរដ្ឋជនភៀសសឹកទាំងអស់ សូមជឿជាក់លើរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ និងសម្តេចធិបតី ដែលជានិច្ចកាល សម្តេចទាំងពីរតែងតែគិតគូរ និងខិតខំស្វែងរកសន្តិភាព មកជូនបងប្អូនវិញក្នុងពេលឆាប់ៗ។ ជាពិសេស សូមជឿជាក់លើវីរកងទ័ពកម្ពុជា ដែលបាននិងកំពុងឈរជើងការពារទឹកដីជាតិយ៉ាងរឹងមាំ នៅជួរមុខ ដោយមិនអនុញ្ញាតឲ្យមានការឈ្លានពាន ឬដណ្តើមយកទឹកដី បានសូម្បីតែមួយចំអាមឡើយ។

បន្ថែមពីនេះ លោកជំទាវក៏បានជំរុញឲ្យអាជ្ញាធរស្រុក យកចិត្តទុកដាក់ខ្ពស់ លើសុខភាពបងប្អូនជនភៀសសឹកទាំងអស់ ជាពិសេសស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាលកូនរួច ជនចាស់ជរា និងកុមារ។ លោកជំទាវបានបញ្ជាក់ថា ប្រសិនបើបងប្អូនជនភៀសសឹកមានបញ្ហាសុខភាព សូមទៅទទួលសេវាថែទាំដោយមិនគិតថ្លៃ នៅគ្រប់ប៉ុស្តិ៍ និងមណ្ឌលសុខភាព។ ចំពោះក្មួយៗជនភៀសសឹក ដែលត្រូវបន្តការសិក្សា អាជ្ញាធរត្រូវរៀបចំបញ្ជូនឲ្យចូលរៀនជាបណ្តោះអាសន្ន នៅតាមសាលារៀនក្នុងមូលដ្ឋាន ឲ្យបានគ្រប់ៗគ្នា៕ ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…