Skip to main content
Preah Sihanouk Provincial Television
Log in

រដ្ឋមន្ត្រីឧស្សាហកម្មជំរុញឱ្យរោងចក្រទឹកស្អាតខេត្តកំពង់ស្ពឺពង្រីកសេវាឱ្យបាន១០០ភាគរយ

Historical original · translation unavailable

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ហែម វណ្ណឌី បានជំរុញឱ្យរោងចក្រទឹកស្អាតរបស់ក្រុមហ៊ុនបុរីកម្មករក្នុងខេត្តកំពង់ស្ពឺ ពង្រីកសេវាឱ្យបាន១០០% នៃតំបន់សេវាក្រោមអាជ្ញាបណ្ណរបស់ខ្លួន ដោយផ្តល់សេវាសម្រាប់ទាំងតំបន់ប្រជុំជន និងតំបន់មិនសូវមានប្រជាជនរស់នៅ ព្រមទាំងពិចារណាតម្រូវការសម្រាប់ការអភិវឌ្ឍឧស្សាហកម្មនាពេលអនាគត។

ក្នុងដំណើរទស្សនកិច្ចរោងចក្រផលិតទុយោទឹក TCU និងរោងចក្រទឹកស្អាតរបស់ក្រុមហ៊ុនបុរីកម្មករក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៣ ខែកក្កដា ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរដល់ក្រុមហ៊ុន ទាំងក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងការវិនិយោគផ្សេងៗទៀត រួមទាំងក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ការគ្រប់គ្រងសំរាម និងវិស័យបដិសណ្ឋារកិច្ច។

រោងចក្រទឹកស្អាតរបស់ក្រុមហ៊ុនបុរីកម្មករក្នុងខេត្តកំពង់ស្ពឺ បានផ្គត់ផ្គង់ទឹកស្អាតដល់រោងចក្រសហគ្រាសឧស្សាហកម្ម និងតំបន់លំនៅដ្ឋាន ក្នុងតំបន់ប្រតិបត្តិការចំនួន៣ នៃខេត្តកំពង់ស្ពឺ ដែលជាខេត្តមានរោងចក្រធុនធំជាង ៤០០មូលដ្ឋាន។ បើតាមតំណាងក្រុមហ៊ុនបានបង្ហាញពីប្រតិបត្តិការ និងផែនការរបស់ខ្លួន រួមទាំងការធ្វើទំនើបកម្មប្រព័ន្ធ ដោយប្រើបច្ចេកវិទ្យា SCADA និង GIS ដើម្បីបង្កើនប្រសិទ្ធិភាពប្រតិបត្តិការផងដែរ។

ឯកឧត្តមបានណែនាំឱ្យក្រុមហ៊ុនបន្តកែលម្អប្រតិបត្តិការជាបន្តបន្ទាប់ ដោយលើកឡើងថា៖ «ទឹកស្អាតជាសេវាសង្គមចាំបាច់ដែលមានផលប៉ះពាល់ផ្ទាល់ដល់សុខភាពសាធារណៈ។ 

សូមកុំស្កប់ស្កល់ជាមួយនឹងប្រតិបត្តិការបច្ចុប្បន្ន។ បច្ចេកវិទ្យាវិវត្តលឿនណាស់ ប្រតិបត្តិករនៅក្នុងប្រទេសមួយចំនួនប្រើ AI ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ គ្រប់គ្រងសម្ពាធទឹក និងចេញវិក្កយបត្រជាដើមហើយ។ ដូច្នេះ ក្រុមហ៊ុនក៏ត្រូវបន្តធ្វើទំនើបកម្មប្រតិបត្តិការរបស់ខ្លួន និងស្វែងរកវិធីបង្កើនប្រសិទ្ធភាពបន្ថែមទៀត»។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងអនុវត្តគំនិតផ្តួចផ្តើមមួយចំនួនដើម្បីកែទម្រង់វិស័យទឹកស្អាត។ ក្រសួងបានបង្កើតក្រុមការងារត្រួតពិនិត្យបច្ចេកទេស ដើម្បីចុះវាយតម្លៃសមត្ថភាពប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងប្រទេស ហើយថ្មីៗនេះ បានចេញសេចក្តីណែនាំឱ្យប្រតិបត្តិករផ្ញើរបាយការណ៍ប្រតិបត្តិការពេញលេញ និងផែនការវិនិយោគរយៈពេលមធ្យមមកក្រសួង ក្នុងគោលដៅលើកកម្ពស់ការវិនិយោគឯកជនប្រកបដោយការទទួលខុសត្រូវ និងជំរុញវឌ្ឍនភាពឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦.១៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…