Skip to main content
Preah Sihanouk Provincial Television
Log in

កម្ពុជារងឥទ្ធិពលព្យុះទី៣ឈ្មោះ Mun ពីថ្ងៃ៤ដល់ថ្ងៃ៦កក្កដា!

Historical original · translation unavailable

នៅតាមបណ្តារាជធានី-ខេត្តស្ទើរទូទាំងប្រទេសកម្ពុជា កំពុងរងឥទ្ធិពលពីព្យុះទី៣ ឆ្នាំ២០២៥ មានឈ្មោះ មូន(Mun) T2503 ដែលធ្វើឱ្យមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដីពី៣០ទៅ៣៥ភាគរយរហូតដល់ថ្ងៃទី០៦ ខែកក្កដា។ 

បើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា «សម្ពាធទាបដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះទី៣ ឆ្នាំ២០២៥ មានឈ្មោះ មូន(Mun) T2503 មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងកម្ពុជា។ ព្យុះមូននេះពុំមានឥទ្ធិពលខ្លាំងមកលើកម្ពុជានោះទេ»។

ស្ថានភាពបែបនេះ ក្រសួងធនធានទឹក ឱ្យដឹងថា ចាប់ពីថ្ងៃទី០៤ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ តំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ  បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្រប់ដណ្តប់លើផ្ទៃដី៣៥ភាគរយ។

ចំណែកតំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី ៣៥ភាគរយ។ ដោយឡែក តំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី ៣០ភាគរយ ខណៈរលកសមុទ្រមានកម្ពស់ពី ០,៥០ម៉ែត្រទៅ១,៥០ម៉ែត្រ៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…