កម្ពុជា បានបើកកិច្ចប្រជុំជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសជប៉ុន ដើម្បីរៀបចំគម្រោងកែប្រែកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់ ដោយចាប់ផ្ដើមបេសកកម្មសិក្សាគម្រោងនេះ នៅកម្ពុជាចាប់ពីសប្ដាហ៍ទី៣ នៃខែមករា ឆ្នាំ២០២៦នេះ។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។
កាលពីឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការរៀបចំផែនការស្តីពី គម្រោងអភិវឌ្ឍន៍កំពង់ផែខេត្តព្រះសីហនុ ឱ្យទៅជាកំពង់ផែនិងមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់ក្នុងឆ្នាំ២០៥០។ កម្ពុជារំពឹងថា ផែនការមេនេះ នឹងជួយពង្រីកសក្តានុពលនៃប្រព័ន្ធឡូជីស្ទីកនៅកម្ពុជា ឱ្យបានកាន់តែល្អ និងមានគុណភាពល្អប្រសើរ សំដៅដល់ការបង្កើនសមត្ថភាពនៃប្រតិបត្តិការ និងសេវាកម្មរបស់កំពង់ផែក្រុងព្រះសីហនុ ឱ្យកាន់តែធំ និងខ្លាំងក្លាជាងមុន ហើយនឹងជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ជាមួយកំពង់ផែធំៗក្នុងតំបន់។
ទន្ទឹមនឹងនេះ កម្ពុជាក៏កំពុងពង្រីក និងសាងសង់ចំណតផែកុងតឺន័រថ្មី នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ។ ការសាងសង់នេះ នឹងធ្វើឡើងជា ៣ដំណាក់កាល និងគ្រោងចំណាយថវិកាចំនួន ៩៧៣ លានដុល្លារ។ ការសាងសង់ចំណតផែថ្មីនេះ នឹងជួយពង្រីកសមត្ថភាពដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត និងអាចឆ្លើយតបកំណើនសេដ្ឋកិច្ចជាតិ និងទំហំពាណិជ្ជកម្មរបស់កម្ពុជា។ ចំពោះការសាងសង់ ចំណតផែកុងតឺន័រជំហានទី១ មានតម្លៃប្រមាណ ២៤៣លានដុល្លារ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៦។
ចំណែកការសាងសង់ នៅក្នុងជំហានទី២ និងជំហានទី៣នេះ គ្រោងចំណាយថវិកាប្រមាណ ៦៩៨លានដុល្លារ ក្នុងនោះទឹកប្រាក់ជាង៥០០លានដុល្លារ ជាឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន និងជាង១០០លានដុល្លារជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ជាការគ្រោងទុក នឹងបញ្ចប់នៅឆ្នាំ២០២៩៕ ដោយ៖ ចិន្តា ទីទិ


