Skip to main content
Preah Sihanouk Provincial Television
Log in

កំណើនសំរាមលឿន បង្ខំឲ្យខេត្តព្រះសីហនុ រៀបចំទីលានចាក់សំរាមបណ្ដោះអាសន្នបន្ថែម

KPS99TVHistorical original · translation unavailable

ទីលានចាក់សំរាមខេត្តព្រះសីហនុមានផ្ទៃដីជាង៦៥ហិចតា ស្ថិតក្នុងសង្កាត់អូរឧញ្ញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ដែលត្រូវបានបង្កើតឡើងជាផ្លូវការនៅឆ្នាំ២០២១ នេះបើតាមការលើកឡើងរបស់លោក ហ៊ិប សុខាន់ណារ៉ូ នាយកទីលានទុកដាក់សំរាមខេត្តព្រះសីហនុ។ បច្ចុប្បន្ន សំរាមដែលយកមកចាក់នៅទីលាននេះ រួមមានសំរាមពីក្រុងព្រះសីហនុ ក្រុងកំពង់សោម ស្រុកព្រៃនប់ និងបណ្ដាក្រុមហ៊ុនមួយចំនួនទៀត។

លោក ហ៊ិប សុខាន់ណារ៉ូ បានបន្ថែមថា បញ្ហាប្រឈមកាលពីឆ្នាំ២០២៥កន្លងមក គឺការកកស្ទះសំរាមដោយសារទីតាំងចាក់សំរាមជួបបញ្ហាផ្លូវរអិល ធ្វើឲ្យរថយន្តមិនអាចឡើងចាក់សំរាមបាន ដោយសារស្ថានភាពអាកាសធាតុភ្លៀងធ្លាក់ខ្លាំង ជាពិសេសក្នុងរដូវវស្សា។

ចំពោះការសិក្សាវាយតម្លៃការរៀបចំទីលានកន្លងមក អាចទុកដាក់សំរាមបានក្នុងបរិមាណប្រហែលជាង ៣០០តោនក្នុងមួយថ្ងៃ និងអាចប្រើប្រាស់បានរយៈពេលប្រមាណ៥ឆ្នាំ។ ទោះជាយ៉ាងណា ដោយសារកំណើនសំរាមមានការកើនឡើងជាបន្តបន្ទាប់ រហូតដល់ជាង ៨០០តោន និងឈានដល់ជាង ១,០០០តោនក្នុងមួយថ្ងៃ បានធ្វើឲ្យទីលានជួបប្រទះបញ្ហា។

លោកបានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៦នេះ ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានរៀបចំទីលានចាក់សំរាមបណ្ដោះអាសន្នបន្ថែម ដើម្បីឆ្លើយតបទៅនឹងកំណើននៃកាកសំណល់សំរាម។ ចំណែកឯនៅឆ្នាំ២០២៧–២០២៨ខាងមុខ ក្រសួងបរិស្ថាននឹងចុះសិក្សា និងរៀបចំទីលានចាក់សំរាមថ្មីដែលមានស្តង់ដា និងបង្កើនភាពងាយស្រួលក្នុងការរៀបចំទុកដាក់សំរាមឲ្យបានត្រឹមត្រូវផងដែរ៕ ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…