Skip to main content
Preah Sihanouk Provincial Television
Log in

អភិបាលខេត្តកែប៖ ជំរុញការលើកកម្ពស់វិស័យកសិកម្មទាំងការដាំ និងការចិញ្ចឹម ដើម្បីកាត់បន្ថយការនាំចូល

KPS99TVHistorical original · translation unavailable

ខេត្តកែបនាពេលបច្ចុប្បន្ន ក្រោមគំនិតផ្តួចផ្តើម និងការឧបត្ថម្ភគាំទ្រពីប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ព្រមទាំងការយកចិត្តទុកដាក់ពីឯកឧត្តមអភិបាលខេត្តកែប បានជំរុញឲ្យសហគមន៍នេសាទទាំង៥របស់ខេត្ត អនុវត្តការធ្វើវារីវប្បកម្ម និងប្រែក្លាយសហគមន៍នេសាទទាំងនោះ ទៅជាសហគមន៍អេកូទេសចរណ៍តំបន់ឆ្នេរ។ មូលហេតុគឺតំបន់ប្រជុំកោះទាំង១៣ ក្នុងដែនសមុទ្រខេត្តកែប សុទ្ធតែមានសក្តានុពលទាំងវិស័យទេសចរណ៍ និងការធ្វើវារីវប្បកម្មផងដែរ។

មន្ត្រីជំនាញបានឲ្យដឹងថា ដើម្បីឆ្លើយតបនឹងតម្រូវការហូបចុក ចូលរួមចំណែកក្នុងការអភិរក្សជលផល និងធានាចីរភាពនៃធនធានសមុទ្រ រដ្ឋបាលខេត្តកែប ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត បានណែនាំដល់ជំនាញខណ្ឌរដ្ឋបាលជលផល សហការជាមួយក្រុមការងារក្រសួង ចុះពិនិត្យ និងសិក្សាស្វែងរកលទ្ធភាព ក្នុងការធ្វើវារីវប្បកម្មដោយមិនប្រើចំណី នៅតាមតំបន់កោះ ពិសេសនៅកោះហាលត្រី។

ជាមួយគ្នានេះដែរ លោក គុជ វីរៈ នាយខណ្ឌរដ្ឋបាលជលផលខេត្តកែប បានឲ្យដឹងថា ខេត្តកែបនាពេលបច្ចុប្បន្ន មានការរីកចម្រើន និងទទួលភ្ញៀវទេសចរមកលេងកម្សាន្តកាន់តែច្រើន ដែលធ្វើឲ្យតម្រូវការម្ហូបអាហារគ្រឿងសមុទ្រកើនឡើងផងដែរ។ ដូច្នេះ ប្រសិនបើផ្អែកតែលើការនេសាទសមុទ្រតែមួយមុខ ពិតជាមិនមានស្ថេរភាពនោះទេ ដោយតម្រូវឲ្យមានការចូលរួមធ្វើវារីវប្បកម្មបន្ថែម ទាំងវារីវប្បកម្មប្រើចំណី និងមិនប្រើចំណី ទាំងនៅតាមបណ្ដាសហគមន៍ និងនៅតាមតំបន់កោះ។

លោកនាយខណ្ឌរដ្ឋបាលជលផល បានបញ្ជាក់ថា នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមមាន អាជ្ញាធរ មន្ត្រីជំនាញ អង្គការដៃគូ សហគមន៍នេសាទ ពិសេសប្រជានេសាទ ក្នុងការលើកកម្ពស់ការងារវារីវប្បកម្មសមុទ្រ មានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងអនុវត្តតាមគោលនយោបាយ និងការអំពាវនាវរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យកសិកម្ម ទាំងការដាំ និងការចិញ្ចឹម ដើម្បីកាត់បន្ថយការនាំចូល៕ ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…