Skip to main content
Preah Sihanouk Provincial Television
Log in

អភិបាលខេត្តកែប៖ ជំរុញក្នុងការលើកកម្ពស់វិស័យកសិកម្ម ទាំងការដាំ និងការចិញ្ចឹម កាត់បន្ថយការនាំចូល

KPS99TVHistorical original · translation unavailable

Summary

Please click this link to get more information

ខេត្តកែបនាពេលបច្ចុប្បន្នក្រោមគំនិតផ្តួចផ្តើម និងឧបត្ថម្ភគាំទ្រពីប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងការយកចិត្តទុកដាក់ពីឯកឧត្តមអភិបាលខេត្តកែប ជំរុញឲ្យសហគមន៍នេសាទទាំង៥របស់ខេត្តកែប អនុវត្តការធ្វើវារីវប្បកម្ម និងប្រែក្លាយសហគមន៍នេសាទទាំងនោះ ឲ្យទៅជាសហគមន៍អេកូទេសចរណ៍តំបន់ឆ្នេរ។ ព្រោះថានៅតំបន់ប្រជុំកោះទាំង១៣ ក្នុងដែនសមុទ្រខេត្តកែប សុទ្ធតែមានសក្តានុពលទាំងលើវិស័យទេសចរណ៍ និងការធ្វើវារីវប្បកម្មផងដែរ។

មន្ត្រីជំនាញបានឲ្យដឹងថា ដើម្បីឆ្លើយតបតម្រូវការហូបចុក ចូលរួមចំណែកក្នុងការអភិរក្សជលផល ធានាដល់ចីរភាពធនធានសមុទ្រផងនោះ រដ្ឋបាលខេត្តកែប ក្រោមការចង្អុលបញ្ហាញរបស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត បានណែនាំដល់ជំនាញខណ្ឌរដ្ឋបាលជលផល សហការជាមួយក្រុមការងារក្រសួងចុះពិនិត្យ និងសិក្សាស្វែងរកលទ្ធភាព ក្នុងការធ្វើវារីវប្បកម្មដោយមិនប្រើចំណីនៅតាមតំបន់កោះ ពិសេសនៅកោះហាលត្រី។

ជាមួយគ្នានេះដែរលោក គុជ វីរៈ នាយខណ្ឌរដ្ឋបាលជលផលខេត្តកែប បានឲ្យដឹងថា ខេត្តកែបនាពេលបច្ចុប្បន្នមានការរីកចម្រើន និងទទួលភ្ញៀវទេសចរមកលេងកម្សាន្តកាន់តែច្រើន តម្រូវការម្ហូបអាហារគ្រឿងសមុទ្រក៏កើនឡើងច្រើនផងដែរ ដូចនេះបើផ្អែកតែលើការនេសាទសមុទ្រតែមួយមុខ ពិតជាមិនមានស្ថេរភាពនោះទេ គឺទាមទារឲ្យមានការចូលរួមធ្វើវារីវប្បកម្មបន្ថែម ទាំងវារីវប្បកម្មប្រើចំណី និងមិនប្រើចំណី ទាំងនៅតាមបណ្តាសហគមន៍ និងនៅតាមតំបន់កោះ។

លោកនាយខណ្ឌជលផលបានបញ្ជាក់ថា នៅក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអាជ្ញាធរ មន្ត្រីជំនាញ អង្គការដៃគូរ សហគមន៍នេសាទ ពិសេសប្រជានេសាទ ក្នុងការចូលរួមលើកកម្ពស់ការងារវារីវប្បកម្មសមុទ្រ មានសារៈសំខាន់ណាស់ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងឆ្លើយតបតាមគោលនយោបាយ និងការអំពាវនាវរបស់ រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យកសិកម្ម ទាំងការដាំ និងការចិញ្ចឹម កាត់បន្ថយការនាំចូល៕

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…