ទឹកបឹងយក្សឡោម ប្រែពីថ្លាទៅជាល្អក់ជាប្រថ្នូរមិនល្អសម្រាប់អ្នកភូមិ។ ការប្រែប្រួលពីថ្លាមកល្អក់នេះ បានកើតឡើងជារឿយៗរៀងរាល់២-៣ឆ្នាំម្តង ដែលបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងមន្ត្រីរាជការទូទាំងខេត្ត។
លោក វេន ចឹក អនុប្រធានគណៈកម្មាធិការទី១បឹងយក្សឡោម និងជាជនជាតិដើមភាគតិចទំពួន បានឱ្យដឹងថា តាមការសង្កេតទឹកនៅក្នុងបឹងយក្សឡោម មានការប្រែពណ៌ក្នុងរយៈពេល ២ទៅ ៣ឆ្នាំម្តង ពោលទឹកប្រែពណ៌នៅអំឡុងឆ្នាំ២០០៩ ឆ្នាំ ២០១១ ឆ្នាំ២០២៥ និងឆ្នាំ២០២៦។ លោកបន្តថា ជារឿយៗឥទ្ធិពលនៃទឹកល្អក់ពេលខ្លះ បង្កបញ្ហាបណ្តាលឱ្យកំពឹស និងត្រីងាប់ ប៉ុន្តែលើកនេះពុំឃើញមានត្រីងាប់ដូចលើកមុនៗនោះទេ។
យ៉ាងណាមិញ តាមជំនឿរបស់ជនជាតិដើមភាគតិច លោក វេន ចឹ បានពន្យល់ថា ទឹកប្រែជាល្អក់នេះមានន័យថាលោកតាម្ចាស់បឹង បានបញ្ជូនសារមកដាស់តឿនឱ្យកូនចៅ អ្នកស្រុក អ្នកភូមិ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះហេតុការណ៍ផ្សេងៗ។ លោករៀបរាប់ថា «ជាក់ស្តែងនៅពេលនោះកើតមានជំងឺកូវីដ១៩ និងជំងឺផ្សេងៗបណ្តាលពលរដ្ឋឆ្លងជំងឺ និងមានករណីស្លាប់ជាដើម កើតគ្រោះទុរភិក្ស ឬគ្រោះថ្នាក់ផ្សេង»។
គួរជម្រាបថា បឹងយក្សឡោមជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលដែលបានកើតឡើងដោយសារបន្ទុះភ្នំភ្លើងតាំងពីរាប់រយឆ្នាំមុនមកម៉េ្លះ។ ទិដ្ឋភាពក្នុងបឹងយក្សឡោម មើលទៅដាច់កន្ទុយភែ្នក មានព្រៃព្រឹក្សា ដុះអមជុំវិញជាម្លប់សម្រាប់កម្សាន្ត រីឯផៃ្ទទឹកមានពណ៏ខៀវស្រងាត់ ទឹកត្រជាក់ថ្លាឆ្វង់ស្ទើរតែអាចឆ្លុះមុខបាន។ រមណីយដ្ឋានបឹងយក្សឡោមមានចម្ងាយប្រមាណ ៩គីឡូម៉ែត្រពីទីក្រុងបានលុងដែលបឹងនេះមានបរិមាត្រ ២ ៦១២ម៉ែត្រ ដែលមានអង្កត់ផ្ចិត ៨០០ម៉ែត្រ និងជម្រៅ៥០ម៉ែត្រ៕
ដោយ៖ ចិន្តា ទីទិ





