Skip to main content
Preah Sihanouk Provincial Television
Log in

ការនាំចេញសំបកកង់រថយន្តកម្ពុជា ឆ្នាំ២០២៥ ឈានដល់ជាង ៣០ លានសំបក ទៅកាន់ទីផ្សារធំៗ ១០ ប្រទេស

KPS99TVHistorical original · translation unavailable

ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ក្នុងឆ្នាំ២០២៥កន្លងទៅ ក្រុមហ៊ុនផលិតសំបកកង់រថយន្តសំខាន់ៗចំនួន៤នៅកម្ពុជា បាននាំចេញសំបកកង់រថយន្តសរុបចំនួន៣០,១៦៥,០០០សំបក ទៅកាន់ទីផ្សារអន្តរជាតិបង្កើតប្រាក់ចំណូលប្រមាណ ១,៣៨៣លានដុល្លារអាមេរិក។

ទីផ្សារនាំចេញសំខាន់ៗមាននៅប្រទេសចំនួន១០ រួមមាន សហរដ្ឋអាមេរិក ប្រេស៊ីល ចក្រភពអង់គ្លេស កូរ៉េ ហ្វាំងឡង់ កាណាដា អាហ្វ្រិកខាងត្បូង នូវែលសេឡង់ ឈីលី និងប្រទេសចិន។

ប្រភពដដែលបានបញ្ជាក់ថា ក្រុមហ៊ុនផលិត និងនាំចេញសំបកកង់រថយន្តសំខាន់ៗទាំង៤ រួមមាន ក្រុមហ៊ុន Newbustar (Cambodia) Tire Co., Ltd. ក្រុមហ៊ុន General Tires Technology (Cambodia) Co., Ltd. ក្រុមហ៊ុន CART TIRE CO., LTD. និងក្រុមហ៊ុន Wanli Tire (Cambodia) Co., Ltd.។

ជាក់ស្តែង ក្រុមហ៊ុន Newbustar (Cambodia) Tire Co., Ltd. ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស UBE ស្រុកស្នួល ខេត្តក្រចេះ បាននាំចេញសំបកកង់រថយន្តចំនួន ១,៣៨៧,៥២៨ សំបក។ ក្រុមហ៊ុន General Tires Technology (Cambodia) Co., Ltd. នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បាននាំចេញចំនួន ៨,៦៧៤,០០០ សំបក។ ចំណែកក្រុមហ៊ុន CART TIRE CO., LTD. ដែលស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ជីលូ ជាន ពុ ចាយ ខេត្តស្វាយរៀង បាននាំចេញសំបកកង់រថយន្តសរុប ២០,១០១,៤០០ សំបក ខណៈក្រុមហ៊ុន Wanli Tire (Cambodia) Co., Ltd. នៅតំបន់សេដ្ឋកិច្ចពិសេសស៊ីនបាវិត ខេត្តស្វាយរៀង បាននាំចេញសំបកកង់រថយន្តចំនួន ២,៦៦៥ សំបក។

លើសពីនេះ នៅក្នុងឆ្នាំ២០២៦ ខាងមុខ កម្ពុជាគ្រោងនឹងមានក្រុមហ៊ុនផលិតសំបកកង់រថយន្តចំនួន ២ បន្ថែមទៀត ចាប់ផ្តើមនាំចេញផលិតផលទៅកាន់ទីផ្សារបរទេស រួមមាន ក្រុមហ៊ុន ZODO Tire (Cambodia) Co., Ltd. និងក្រុមហ៊ុន FIREMAX (CAMBODIA) TIRES CO., LTD.៕ ដោយ៖ KPS99TV

Comments

Loading comments…