គ្រឿងសមុទ្រខូចគុណភាព២,៥តោន ត្រូវបានរឹបអូសនៅក្នុងករណីកម្លាំងនគរបាលខេត្តកំពង់ស្ពឺ និងកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះឃាត់រថយន្តមួយគ្រឿង នៅតាមបណ្ដោយផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ១៤-១៥ ស្ថិតក្នុងភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦។
បើតាមស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា រថយន្តដែលសមត្ថកិច្ចឃាត់បានខាងលើ ម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AN-3775 ខណៈម្ចាស់រថយន្តបានគេចខ្លួនបាត់។ សមត្ថកិច្ចបញ្ជាក់ថា រថយន្តនេះដឹកគ្រឿងសមុទ្រចម្រុះនាំចូលពីក្រៅប្រទេសដោយគ្មានលិខិតអនុញ្ញាត និងគ្មានការបញ្ជាក់គុណភាពសម្រាប់ការដឹកជញ្ជូនវេចខ្ចប់ដែលនាំឱ្យខុសលក្ខណៈស្ដង់ដាររបស់ក្រសួង។
ដោយបានការបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដ និងសម្របសម្រួលនីតិវិធីពីឯកឧត្ដម ស៊ិន វីរៈ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ កម្លាំងបានរកឃើញគ្រឿងសមុទ្រចម្រុះសរុប៣០កេស ស្មើនឹង ២,៥តោន។ ក្នុងនោះ ម៉ឹកកកចំនួន ២កេស, ម៉ឹកទឹកចំនួន ១៩កេស, បង្គារចំនួន ៤កេស, ព្រុយត្រីសាលម៉ុនចំនួន ៤កេស និងត្រីស្ពុងចំនួន ១កេស។
ករណីឃាត់រថយន្ដដឹកគ្រឿងសមុទ្រនេះ បើតាមលោកឧត្ដមសេនីយ៍ត្រី ប៊ុត ចាន់តារា ស្នងការរង បានបញ្ជាក់ថា គឺទទួលបានព័ត៌មានពីបណ្ដាញដែលផ្ដល់មកសមត្ថកិច្ច ដើម្បីថែរក្សាសុខភាពចំណីអាហាររបស់ពលរដ្ឋកម្ពុជាក្នុងការទិញទំនិញគ្មានគុណភាពមកបរិភោគនាំឱ្យប៉ះពាល់ដល់សុខភាពងាយនឹងកើតជម្ងឺទៅថៃ្ងអនាគត។
ចំណែក វត្ថុតាងគ្រឿងសមុទ្រខាងលើ ត្រូវបានឯកឧត្ដមព្រះរាជអាជ្ញាសម្រេចឱ្យមន្រ្តីជំនាញ ធ្វើការបំផ្លាញចោលនៅរសៀលថៃ្ងទី០៤ ខែកុម្ភៈ នៅទីលានចាក់សំរាមតាម៉ុលច្បារមន។ ស្នងការដ្ឋានគនរបាលខេត្ត បានអំពាវនាវឱ្យអាជីវករទាំងអស់បញ្ឈប់ការនាំចូលទំនិញមិនស្របតាមស្ដង់ដារនិងមិនមានប្រភពច្បាស់លាស់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋកម្ពុជា៕
ដោយ៖ ង៉ែត ពិសាន្ត









