Skip to main content
Preah Sihanouk Provincial Television
Log in

មេធាវីតំណាងឲ្យរដ្ឋបាលខេត្តស្ទឹងត្រែង បានធ្វើការតវ៉ាចំពោះការអនុវត្តសាលក្រមតុលាការខេត្តស្ទឹងត្រែង ចុះអនុវត្តសាលក្រមរដ្ឋប្បវេណី

KPS99TVHistorical original · translation unavailable

លោក អ៊ុត អរុណ មេធាវីរដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ដី១កន្លែងនេះគឺជាដីរបស់រដ្ឋបាលខេត្តស្ទឹងត្រែង ព្រមទាំងមានប្លង់រឹងផងដែរ ដើម្បីបញ្ជាក់យ៉ាងច្បាស់ថាជាដីកម្មសិទ្ធរបស់រដ្ឋ ដែលត្រូវបានគ្រប់គ្រងដោយអាជ្ញាធរខេត្ត។

មេធាវីរដ្ឋបាលខេត្តស្ទឹងត្រែងលើកឡើងដូចនេះខណៈ មន្ត្រីទទួលបន្ទុកកិច្ចការអាជ្ញាសាលា នៃសាលាដំបូងខេត្តស្ទឹងត្រែង លោក នាង គឹមលី បានដឹកនាំកម្លាំងចម្រុះចុះអនុវត្តសាលក្រមរដ្ឋប្បវេណីលេខ១០៩៦ ’ខ១’ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ ដោយបង្គាប់ឲ្យចុងចម្លើយឈ្មោះ ឃឹម សុណា ប្រគល់ដីមួយកន្លែងទំហំ៣០ម៉ែត្រx៦០ម៉ែត្រ ស្ថិតនៅក្នុងក្រុងស្ទឹងត្រែង(សត្តឃាតដ្ឋាន)ទៅឲ្យដើមបណ្តឹងឈ្មោះ ជា គួង (អតីតត្រូវជាប្តី)។

ការចុះអនុវត្តសាលក្រមនេះ បានធ្វើឡើងនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការ ស្របតាមនីតិវិធីច្បាប់។ បន្ទាប់ពីបានសស្តាប់នូវការអានសេចក្តីសម្រេចខាងលើ លោក អ៊ុត អរុណ មេធាវីតំណាងឲ្យរដ្ឋបាលខេត្តស្ទឹងត្រែង បានធ្វើការតវ៉ាចំពោះការអនុវត្តសាលក្រមនេះ ដោយលោកមេធាវីអះអាងថា ដីមួយកន្លែងដែលត្រូវអនុវត្តសាលក្រមនោះ គឺជាដីស្ថិតក្រោមកម្មសិទ្ធិរបស់រដ្ឋបាលខេត្តស្ទឹងត្រែង មិនមែនជាកម្មសិទ្ធិរបស់លោក ជា គួង ដូចដែលមានចែងក្នុងសាលក្រមនោះទេ។

នាឱកាសនោះ លោក នាង គឹមលី មន្ត្រីទទួលបន្ទុកអាជ្ញាសាលា ក៏បានអនុញ្ញាតឲ្យ លោក ជា គួង ដាក់ពាក្យប្តឹងទៅកាន់សាលាដំបូងខេត្តស្ទឹងត្រែង ព្រមទាំងភ័ស្តុតាងផ្សេងៗផងដែរប្រសិនបើមាន ដើម្បីសាលាដំបូងខេត្តស្ទឹងត្រែងផ្តល់ជូននូវយុត្តិធម៌។

សូមជម្រាបជូនថា បច្ចុប្បន្នដីមួយកន្លែងខាងលើ កំពុងស្ថិតនៅក្នុងការតាមដានពីសំណាក់ភាគីពាក់ព័ន្ធ និងមតិសាធារណៈ ខណៈដែលមិនទាន់មានការបញ្ជាក់ជាផ្លូវការស្តីពីការដោះស្រាយបន្តនៅឡើយនោះទេ៕ ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…