Skip to main content
Preah Sihanouk Provincial Television
Log in

កម្ពុជាប្រាប់ចៅក្រមអាម៉េរិកពីទង្វើឈ្លានពានរបស់យោធាថៃលើដែនអធិបតេយ្យកម្ពុជា

KPS99TVHistorical original · translation unavailable

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ឯកឧត្តម កែវ រ៉េមី បានរៀបរាប់ប្រាប់លោក John C. Coughenour ចៅក្រមជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិកអំពីសកម្មភាពឈ្លានពានរបស់យោធាថៃទាំងក្នុងអំឡុងពេលប្រយុទ្ធគ្នា និងក្រោយពីមានបទឈប់បាញ់។ ឯកឧត្តមកែវ រ៉េមី បានរៀបរាប់ដូច្នេះនៅក្នុងកិច្ចពិភាក្សាការងារកាលពីថ្ងៃទី០៥ ខែកុម្ភៈ ដោយឯកឧត្តមបញ្ជាក់ថា ក្នុងអំឡុងពេលយោធារបស់ថៃចូលឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា កងកម្លាំងប្រដាប់អាវុធថៃ បានប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល យន្តហោះចម្បាំង F-16, Gripen និង T-50 ដោយចូលជ្រៅមកក្នុងទឹកដីកម្ពុជាជាង ៩០គីឡូម៉ែត្រ ដើម្បីធ្វើការវាយប្រហារដោយមិនរើសមុខលើភូមិឋានស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប្រាសាទបុរាណ ជាពិសេសប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ក្រោយមកទៀត ទោះបីមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងកម្ពុជា និងថៃ ដែលមាន ឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និង ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន ធ្វើជាសាក្សីក៏ដោយ ក៏ភាគីថៃនៅតែបន្តសកម្មភាពញុះញង់ និងបង្កហេតុផ្សេងៗ រួមមាន ការប្រើប្រាស់សំឡេងមានប្រេកង់ខ្ពស់រំខានផ្លូវចិត្តដល់ជនស៊ីវិល ការកម្ទេចផ្ទះសម្បែង ការបំផ្លាញរូបសំណាកសាសនា ការលួចទ្រព្យសម្បត្តិ ការសាងសង់សំណង់ថ្មីៗក្នុងដែនអធិបតេយ្យភាពកម្ពុជា ដើម្បីលុបបំបាត់អត្តសញ្ញាណជាតិកម្ពុជានៅទីនោះ និងការដាក់ពង្រាយបន្លាលួសនិងទូកុងតឺន័រ ដើម្បីរារាំងជនភៀសសឹកកម្ពុជាជាងមួយសែននាក់មិនឱ្យវិលត្រឡប់ទៅលំនៅឋានរបស់ពួកគាត់វិញ។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានឱ្យដឹងអំពីមូលហេតុនៃបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយគូសបញ្ជាក់ថា កម្ពុជាតែងតែគោរពនិងអនុវត្តតាមអនុសញ្ញា និងសន្ធិសញ្ញា បារាំង–សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការក្រោមច្បាប់អន្តរជាតិ។ ប៉ុន្ដែ ភាគីថៃ ជាពិសេសក្រុមជ្រុលនិយម និងអ្នកនយោបាយថៃមួយចំនួន នៅតែប្រើប្រាស់ផែនទីដែលគូសជាឯកតោភាគី ដែលផ្ទុយទាំងស្រុងនឹងក្របខណ្ឌច្បាប់អន្តរជាតិ។

ឆ្លើយតបនឹងការបញ្ជាក់របស់ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកចៅក្រម បានសម្ដែងការខកចិត្តចំពោះសកម្មភាព និងមហិច្ឆតារបស់យោធាថៃ ដែលបានប្រើប្រាស់សព្វាវុធគ្រប់ធុនឈ្លានពានកម្ពុជាយ៉ាងអយុត្តិធម៌ ព្រមទាំងបានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើប្រជាជនស៊ីវិលកម្ពុជា។ លោកបានបញ្ជាក់ថា ឯកឧត្តម Donald J. Trump ប្រធានាធិបតី និងប្រជាជនសហរដ្ឋអាម៉េរិក បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រកាន់យកជម្រើសនៃការអត់ធ្មត់ និងការប្តេជ្ញាចិត្តឥតងាករេក្នុងការដោះស្រាយជម្លោះនេះដោយសន្តិវិធីនិងផ្អែកលើច្បាប់៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…