Skip to main content
Preah Sihanouk Provincial Television
Log in

រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ ជំរុញការអភិវឌ្ឍសហគមន៍មានសក្ដានុពល ដើម្បីបង្កើតសេវាកម្មទាក់ទាញក្នុងវិស័យទេសចរណ៍

KPS99TVHistorical original · translation unavailable

នាពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍ បានជំរុញឱ្យប្រែក្លាយសហគមន៍ដែលមានសក្ដានុពល ឱ្យបង្កើតសេវាកម្មទាក់ទាញក្នុងវិស័យទេសចរណ៍។ នៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៦ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំសិក្ខាសាលាបណ្ដុះបណ្ដាល ស្ដីពីជំនាញគ្រប់គ្រងសហគមន៍អេកូទេសចរណ៍ព្រៃកោងកាង នៅសាលប្រជុំរមណីយដ្ឋានវ័នដឺលែន ស្ថិតក្នុងស្រុកព្រៃនប់។ កិច្ចប្រជុំនេះដឹកនាំដោយ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ និងមានការចូលរួមពីនាយកអង្គការការពារព្រៃកោងកាង តំណាងសហគមន៍ព្រៃឈើ អាជ្ញាធរឃុំ តំណាងសហគមន៍ចំនួន ៦ តំណាងរដ្ឋបាលព្រៃឈើ មន្ត្រីមន្ទីរទេសចរណ៍ និងសិក្ខាកាមជាសមាជិកសហគមន៍ សរុបចំនួន ៣៣ នាក់ ក្នុងនោះស្ត្រី ១៣ នាក់។

លោកប្រធានមន្ទីរទេសចរណ៍ខេត្ត បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនាពេលនេះ មានគោលបំណងលើកទឹកចិត្ត និងជំរុញការចូលរួមរបស់សហគមន៍ ក្នុងការបង្កើតសេវាកម្មទេសចរណ៍ ព្រមទាំងការចូលរួមការពារធនធានធម្មជាតិ ស្របតាមគោលការណ៍ណែនាំរបស់ក្រសួង និងគណៈកម្មការជាតិអភិវឌ្ឍសហគមន៍អេកូទេសចរណ៍ ដើម្បីបង្កើតការងារ និងប្រាក់ចំណូលជូនដល់សហគមន៍។

លោក តាំង សុចិត្តគ្រឹស្នា បានបញ្ជាក់ថា ទាំងអស់នេះគឺជាគោលនយោបាយសំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ អាជ្ញាធរខេត្ត និងមន្ទីរជំនាញ ក្នុងការជំរុញឱ្យប្រែក្លាយសហគមន៍ដែលមានសក្ដានុពលលើវិស័យទេសចរណ៍ ព្រមទាំងសហគមន៍គ្រប់គ្រង និងការពារធនធានធម្មជាតិ និងសហគមន៍នេសាទ ឱ្យក្លាយជាសហគមន៍ទេសចរណ៍ ដើម្បីបង្កើតតំបន់ទាក់ទាញទេសចរណ៍នៅតាមសហគមន៍តាមដងព្រែកព្រៃកោងកាង ជួយបង្កើនប្រាក់ចំណូល និងលើកទឹកចិត្តឱ្យសហគមន៍ចូលរួមការពារធនធានធម្មជាតិផងដែរ៕

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…